កាមេរ៉ា 200MP ជំនាន់ថ្មី HP2 សមត្ថភាពខ្ពស់ជាងមុន ត្រូវបានប្រកាសចេញដោយ Samsung
ដោយ​ ៖ ឡេង | 1 សប្ដាហ៍មុន SHARE

 

ថ្ងៃនេះ Samsung Electronics បានប្រកាសចេញសេនស័រកាមេរ៉ា 200-megapixel (MP) ជំនាន់ក្រោយ ដែលមានឈ្មោះហៅថា ISOCELL HP2 ដើម្បីចូលមកបន្ដតំណែងពី HP1 កាលពីឆ្នាំមុនផងដែរ។ Samsung បានលើកឡើងមកថា ទោះបីជាកាមេរ៉ាមានទំហំធំដល់ទៅ 200MP ក៏ពិតមែន ប៉ុន្ដែវានឹងមានកម្រាស់ស្មើនឹងសេនស័រ 108MP ដដែល ដោយមិនធ្វើឲ្យលៀនចេញមកក្រៅច្រើនជាងមុននោះឡើយ។

កាលពីឆ្នាំមុនកន្លងទៅ HP1 មិនបានយកមកប្រើប្រាស់នៅលើ ស្មាតហ្វូនរបស់ Samsung នោះឡើយ យ៉ាងណាមិញ សម្រាប់ជំនាន់ក្រោយនេះ HP2 គឺអាចយកមកប្រើប្រាស់នៅលើ Galaxy S23 Ultra ផ្ទាល់តែម្ដង។ សេនស័រកាមេរ៉ា 200MP HP2 គឺមានទំហំ 1/1.3" និង 0.6μm ហើយក៏ភ្ជាប់មកជាមួយបច្ចេកវិទ្យា Dual Vertical Transfer Gate (D-VTG) ថ្មី ដែលមិនធ្វើឲ្យរូបភាពនៅពេលថ្ងៃ Overexposure ឡើងពន្លឺលើសនោះទេ ប៉ុន្ដែរូបភាពនៅពេលយប់ នឹងភ្លឺបានល្អជាងមុន ដោយមិនបាត់បង់គុណភាពច្រើនបាន។

ជាការពិតណាស់ Samsung ក៏បន្ដប្រើប្រាស់បច្ចេកវិទ្យា Advanced Pixel-Binning ដដែលនៅលើនេះ ដោយធ្វើការបម្រួបរូបភាពមកនៅកម្រិត 1.2μm 50MP ឬ 2.4μm 12.5MP វិញបាន ដើម្បីជួយកាត់បន្ថយទំហំផ្ទុក កុំឲ្យឡើងច្រើនពេក។ ដូច្នេះហើយ សេនស័រកាមេរ៉ា 200MP ដែលរំពឹងទុកថានឹងឃើញមាននៅលើ Galaxy S23 Ultra ថ្មីនេះ នឹងអាចថតបានរូបភាពកាន់តែច្បាស់, ថតនៅពេលងងឹតបានកាន់តែភ្លឺ ហើយក៏នៅតែមិនមានទំហំធំជាងមុនដដែល។

Samsung នឹងរៀបចំព្រឹត្តិការណ៍ Galaxy Unpacked 2023 នៅថ្ងៃទី 1 ខែកុម្ភៈ 2023 ខាងមុខនេះហើយ ដូច្នេះប្រសិនបើមានចំណាប់អារម្មណ៍ កុំភ្លេចរង់ចាំតាមដានទាំងអស់គ្នា។

ប្រភព ៖ Samsung Electronics
អត្ថបទទាក់ទង