Apple នឹងជួសជុលបញ្ហាឡើងបន្ទាត់លើអេក្រង់ iPhone 14 Pro តាមរយៈកំណែអាប់ដេត
ដោយ​ ៖ ឡេង | 2 សប្ដាហ៍មុន SHARE

 

អស់រយៈពេលប៉ុន្មានខែមកហើយ ដែលម្ចាស់ iPhone 14 Pro Max បានរាយការណ៍ថា អេក្រង់របស់ពួកគេបានបង្ហាញបន្ទាត់ពណ៌បៃតង នៅពេលកំពុងបើកទូរសព្ទ។ ទាល់តែមកដល់ពេលថ្មីៗនេះ បុគ្គលិករបស់ Apple បានឆ្លើយតបវិញថា Apple បានដឹងអំពីបញ្ហាមួយនេះហើយ និងកំពុងតែសិក្សារកមើលដំណោះស្រាយ ដើម្បីបញ្ចេញតាមរយៈកំណែអាប់ដេតក្រោយៗទៀត។

ជាការពិតណាស់ បុគ្គលិករបស់ Apple បានឆ្លើយតបតែអំពីបញ្ហាមួយនេះប៉ុណ្ណោះ ចំណែកឯបញ្ហាដែលបណ្ដាលឲ្យខូចបន្ទះអេក្រង់តែម្ដង គឺនៅតែមិនទាន់មានចម្លើយដដែល។ ប្រសិនបើបញ្ហានេះអាចជួសជុលបានតាមរយៈ Software ដូច្នេះហើយក៏មានន័យថា នេះមិនមែនទាក់ទងទៅនឹងផ្នែក Hardware នោះទេ។ រហូតមកដល់ពេលបច្ចុប្បន្ននេះ សូម្បីតែ Apple ក៏មិនទាន់ដឹងមូលហេតុនៅឡើយដែរថា ហេតុអ្វីបានជានៅសុខៗ បន្ទះអេក្រង់របស់ iPhone ទាំងអស់នោះបែរជាខូចទៅវិញ ទោះបីជាមិនធ្លាប់បានធ្វើធ្លាក់ក៏ដោយ។ អ៊ីចឹង ម្ចាស់ iPhone ទាំងអស់ មានតែនៅប្រើប្រាស់បន្ដទៀត និងរង់ចាំចម្លើយពិតប្រាកដពី Apple នៅពេលខាងមុខទៀតប៉ុណ្ណោះ។

Apple បានធ្វើការបញ្ចេញកំណែអាប់ដេត iOS 16.2 កាលពីខែមុន ដោយឡែក សម្រាប់កំណែអាប់ដេតធំបន្ទាប់ iOS 16.3 ត្រូវបានគេរំពឹងទុកថា នឹងអាចបញ្ចេញនៅអំឡុងខែកុម្ភៈខាងមុខនេះ។

ប្រភព ៖ MacRumors
អត្ថបទទាក់ទង