រូបភាពលេចធ្លាយថ្មីៗពោរពេញទៅដោយ Galaxy S23 Series គ្រប់ម៉ូឌែល
ដោយ​ ៖ ឡេង | 2 សប្ដាហ៍មុន SHARE

 

កាលពីពេលថ្មីៗនេះ Samsung បានប្រកាសប្រាប់ជាផ្លូវការហើយថា ព្រឹត្តិការណ៍ Galaxy Unpacked 2023 នឹងធ្វើឡើងនៅថ្ងៃទី 1 ខែកុម្ភៈខាងមុខនេះ ដែលគ្រោងនឹងមានវត្តមានរបស់ Galaxy S23 Series តែម្ដង។ ស្របនឹងពេលនេះផងដែរ រូបភាពលេចធ្លាយថ្មីៗ ក៏ត្រូវបានចែករំលែកលើអ៊ីនធើណេត ដោយបានឃើញពីការឌីហ្សាញ និងជម្រើសពណ៌ថ្មី មុននឹងថ្ងៃចេញជាផ្លូវការផងដែរ។

លើកនេះរូបភាពដែលបានលេចធ្លាយ ក៏កាន់តែមានគុណភាពច្បាស់ជាងមុន និងបានបង្ហាញគ្រប់ជម្រើសពណ៌តែម្ដង ដោយមានទាំងជម្រើសពណ៌ខ្មៅ, ពណ៌បៃតង, ពណ៌ផ្កាឈូក និងពណ៌មាស។ ចំណែកឯការឌីហ្សាញក៏ដូចបានលេចធ្លាយពីមុនៗមកដែរ ដោយលែងមានស៊ុមកាមេរ៉ាធំនៅពីក្រោយតទៅទៀតហើយ។ ដោយឡែក Galaxy S23 Series ទាំងអស់ នឹងមានតែស៊ុមជុំវិញរង្វង់កាមេរ៉ានីមួយៗប៉ុណ្ណោះ។

ហេតុដូច្នេះហើយ ទើបធ្វើឲ្យត្រកូល Galaxy S23 Series មានភាពសាមញ្ញច្រើនជាងមុនទៀត ព្រមទាំងមានរូបរាងជ្រុងជាងមុនបន្ដិចនៅចំហៀង ប៉ុន្ដែនៅកន្លែងកាច់ជ្រុង គឺនៅមានរាងមូលដដែល។ Galaxy S23 និង S23+ មើលទៅនឹងនៅតែមានកាមេរ៉ា 3 គ្រាប់នៅខាងក្រោយដូចមុនអ៊ីចឹង រីឯ Galaxy S23 Ultra វិញ ក៏នៅតែមានកាមេរ៉ា 4 គ្រាប់ដូចគ្នា។

ចំណុចខុសគ្នារវាងស៊េរីថ្មីនេះនិងជំនាន់មុន គឺស្ថិតត្រង់ថា Galaxy S23 Series សុទ្ធតែមានស៊ុមនៅរង្វង់កាមេរ៉ានីមួយៗទំហំធំជាងមុន ហើយក៏សង្ឃឹមថានឹងទទួលបាន សេនស័រកាមេរ៉ាគុណភាពខ្ពស់ជាងមុនដែរ។

ប្រភព ៖ Evleaks
អត្ថបទទាក់ទង