Bill Gates ប្រាប់ថាគាត់នៅតែប្រើប្រាស់ Galaxy Z Fold4 ជាស្មាតហ្វូនប្រចាំថ្ងៃរបស់គាត់
ដោយ​ ៖ ឡេង | 2 សប្ដាហ៍មុន SHARE

 

Microsoft ត្រូវបានបង្កើតឡើងដោយលោក Bill Gates ដែលធ្លាប់ជាបុគ្គលវ័យក្មេងមានទេពកោសល្យ និងទ្រព្យសម្បត្តិច្រើនជាងគេ ទូទាំងពិភពលោក បានប្រាប់ឲ្យដឹងថា គាត់កំពុងប្រើប្រាស់ Samsung Galaxy Z Fold4 ជាស្មាតហ្វូនប្រចាំថ្ងៃរបស់គាត់។ នេះជាការដំឡើងស៊េរីឡើងមកពីម៉ូឌែល Galaxy Z Fold3 កាលពីមុនរបស់គាត់ ហើយក៏បានប្រាប់ពីមូលហេតុដែលគាត់ជ្រើសរើសយក ស្មាតហ្វូនអេក្រង់បត់មួយនេះជាពិសេសដូចគ្នា។

ជាការពិតណាស់ នេះពិតជាធ្វើឲ្យមនុស្សជាច្រើនចង់ដឹងមែនទែនថា មូលហេតុអ្វីបានជាគាត់អត់ប្រើប្រាស់ Surface Duo 2 ដែលត្រូវបានបង្កើតឡើងដោយ Microsoft ផ្ទាល់។ លោក Bill Gates បានលើកឡើងមកថា ដោយសារតែទំហំរបស់ Galaxy Z Fold4 មានតួខ្លួនដូចស្មាតហ្វូនធម្មតា ដូច្នេះហើយគាត់មិនចាំបាច់ដើរកាន់ថេប្លេតនោះទេ។ អ៊ីចឹងមូលហេតុចម្បងនោះប្រាកដជា ដោយសារតែ Surface Duo 2 មានរូបរាងធំជាង Galaxy Z Fold4 ហើយគាត់ជាមនុស្សដែលត្រូវដំណើរទៅក្រៅច្រើន។

លោក Bill Gates ក៏បានបន្ថែមទៀតថា ប្រាកដណាស់គាត់ប្រើប្រាស់កម្មវិធី Microsoft ទាំងអស់នៅក្នុង Galaxy Z Fold4 របស់គាត់ ក៏ដូចជាមានកុំព្យូទ័រយួរដៃជាប្រភេទ Windows ព្រមទាំងមានកុំព្យូទ័រលើតុ PC ប្រភេទ Surface Studio ថែមទៀតផង។ គាត់ក៏បាននិយាយប្រាប់ថា លោក JY Lee ដែលជាប្រធានប្រតិបត្តិក្រុមហ៊ុន Samsung Electronics បានឲ្យ Galaxy Z Fold4 ទៅឲ្យគាត់ នៅពេលដែលពួកគាត់បានជួបគ្នា ដើម្បីឡើងស៊េរីពី Z Fold3 ពីមុនផងដែរ។

នេះគឺជាវត្តមានលើកទី 11 របស់លោក Bill Gates ដែលបានមកឆ្លើយសំនួរនៅក្នុង គេហទំព័របណ្ដាញសង្គម Reddit ដោយគាត់បានឆ្លើយសំនួរជាច្រើនទៀត នៅតាមតំណរភ្ជាប់ខាងក្រោមនេះ។

Bill Gates AMA - សូមចុចទីនេះ

ប្រភព ៖ Reddit AMA
អត្ថបទទាក់ទង