ម្ចាស់ Android ក៏ជិតអាចនឹងងាយស្រួលផ្ទេរ eSIM ពីទូរសព្ទមួយទៅទូរសព្ទមួយទៀតបានដែរ
សម្រាប់អ្នកដែលធ្លាប់ប្រើប្រាស់ eSIM នៅលើទូរសព្ទ Android ប្រាកដជាដឹងរួចមកហើយថា នៅពេលដែលចង់ផ្ទេរ eSIM ពីទូរសព្ទមួយទៅទូរសព្ទមួយទៀតបាន គឺទាល់តែត្រូវក្រុមហ៊ុនស៊ីម ដើម្បីតភ្ជាប់ឡើងវិញម្ដងទៀត។ ហេតុដូច្នេះហើយ Google ក៏កំពុងតែសិក្សាលើមុខងារថ្មី ដែលអនុញ្ញាតឲ្យផ្ទេរកាន់តែងាយស្រួលបំផុត ហាក់បីដូចជាបានឃើញនៅលើ iOS ពីមុនៗមកអ៊ីចឹងដែរ។
ជាការពិតណាស់ iOS គឺមានមុខងារផ្ទេរ eSIM ពីទូរសព្ទមួយទៅទូរសព្ទមួយទៀតបាន តាមរយៈការដាក់ទូរសព្ទជិតគ្នាប៉ុណ្ណោះ ប៉ុន្ដែក្រុមហ៊ុនស៊ីមនៅក្នុងស្រុកយើង មិនមានគាំទ្រលើមុខងារមួយនេះនៅឡើយទេ។ នេះគឺមានន័យថា ទោះបីជាមុខងារបើកឲ្យប្រើប្រាស់ហើយ ប៉ុន្ដែក្រុមហ៊ុនស៊ីមក៏ត្រូវសហការជាមួយ Apple ឬ Google ដើម្បីអាចបើកដំណើរការបានដែរ។ សម្រាប់មុខងារថ្មីមួយនេះ គឺប្រទះឃើញនៅលើកំណែអាប់ដេតសាកល្បង Android 13 QPR2 Beta 2 កំពុងតែធ្វើតេស្ដនៅឡើយទេ ដោយវាអាចនឹងមកដល់កំណែអាប់ដេតផ្លូវការ នៅពេលខាងមុខនេះមិនខាន។
ប្រសិនបើមុខងារមួយនេះ អាចបើកឲ្យប្រើប្រាស់បានទូលំទូលាយ ដូច្នេះហើយអ្នកប្រើប្រាស់កាន់តែច្រើន ប្រាកដជាចង់ផ្លាស់ប្ដូរមកប្រើ eSIM ជាក់ជាមិនខានឡើយ។ ចុះអ្នកទាំងអស់គ្នាវិញ តើធ្លាប់ប្រើប្រាស់ eSIM ពីមុនមកដែរឬក៏អត់ទេ? ហើយចង់ណែនាំឲ្យអ្នកដទៃប្រើប្រាស់ eSIM ក្នុងពេលបច្ចុប្បន្ននេះឬទេ?