គម្រោងផ្គុំគ្នានូវ Wi-Fi, Bluetooth និងម៉ូដឹមសេវាទូរសព្ទចូលក្នុងឈីបតែមួយ អាចកំពុងអភិវឌ្ឍន៍នៅ Apple
ដោយ​ ៖ ឡេង | 2 សប្ដាហ៍មុន SHARE

 

តាំងពីដើមរហូតមកដល់ពេលនេះ ម៉ូដឹម Wi-Fi, Bluetooth និងម៉ូដឹមផ្ដល់សេវាទូរសព្ទ គឺសុទ្ធតែជាឈីបដាច់ផ្សេងៗពីគ្នា នៅក្នុងស្មាតហ្វូនរបស់អ្នកប្រើប្រាស់។ ដោយសារតែ Apple មានគម្រោងចង់ចំណេញកន្លែង នៅក្នុងស្មាតហ្វូនបន្ថែម ដូច្នេះហើយពួកគេកំពុងតែអភិវឌ្ឍន៍ឈីបមួយ ដែលអាចជំនួសកិច្ចការទាំងអស់នោះបានក្នុងពេលតែមួយតែម្ដង។

របាយការណ៍ថ្មីមួយនេះ គឺត្រូវបានចែករំលែកដោយ Bloomberg ដែលបានបន្ថែមទៀតថា Apple នឹងអាចចាប់ផ្ដើមប្រើប្រាស់ឈីបថ្មីនេះ ចាប់ផ្ដើមពីចុងឆ្នាំ 2024 ឬដើមឆ្នាំ 2025 តទៅផងដែរ។ ចំពោះដំណាក់កាលដំបូង នឹងជាការប្រើប្រាស់ម៉ូដឹម Wi-Fi និង Bluetooth នៅក្នុងតួខ្លួនឈីបតែមួយសិន រួចហើយនៅពេលក្រោយទៀត ទើបបានសម្រេចបាន ការផ្ដុំគ្នានូវ​ម៉ូដឹម Wi-Fi, Bluetooth និងសេវាទូរសព្ទចូលក្នុងឈីបតែមួយ។

ហេតុនេះហើយ Apple នឹងជិតបោះបង់ការប្រើប្រាស់ម៉ូដឹមស៊ីមរបស់ Boardcom ក៏ដូចជា Qualcomm តទៅទៀតដូចគ្នា ប្រសិនបើ Apple សម្រេចការផលិតឈីបនេះបានជោគជ័យ។ គួរបញ្ជាក់ផងថា ទោះបីជា Apple ផលិតដោយខ្លួនឯងមែន ប៉ុន្ដែក៏នៅតែត្រូវទិញសិទ្ធបច្ចេកវិទ្យាពី Qualcomm និង Ericsson ដើម្បីយកមកប្រើប្រាស់ និងអភិវឌ្ឍន៍លើឈីបថ្មីនេះដូចគ្នា។

សូម្បីតែ Qualcomm ផ្ទាល់ ក៏បានព្យាករណ៍ថា Apple នឹងអាចបង្កើតម៉ូដឹម 5G ដោយខ្លួនឯងបានយ៉ាងលឿនបំផុត នៅអំឡុងឆ្នាំ 2024 ខាងមុខនេះ។ ប្រសិនបើផ្លាស់ប្ដូរមកប្រើឈីបតែមួយ ដូច្នេះតួខ្លួន iPhone ក៏នៅសល់កន្លែងបន្ថែមទៀត សម្រាប់ពង្រីកថាមពលថ្ម ឬក៏ដាក់គ្រឿងថ្មីផ្សេងទៀត ដើម្បីមកបន្ថែមបានមិនខាន។

ប្រភព ៖ Bloomberg
អត្ថបទទាក់ទង