Word និង PowerPoint អាចទទួលបានបច្ចេកវិទ្យា AI ChatGPT ដើម្បីជួយកែកំហុសឲ្យអ្នកប្រើប្រាស់
ដោយ​ ៖ ឡេង | 2 សប្ដាហ៍មុន SHARE

 

បើយោងទៅតាមដំណឹងចុះផ្សាយដោយ The Information បានលើកឡើងមកថា Microsoft កំពុងតែសិក្សាលើការនាំយកបច្ចេកវិទ្យា AI ChatGPT របស់ OpenAI ដើម្បីយកមកពង្រឹងលើកម្មវិធី Word, Outlook និង PowerPoint របស់ខ្លួន។ ហេតុដូច្នេះហើយ អ្នកប្រើប្រាស់ក៏កាន់តែងាយស្រួល ទៅលើការសរសេរអត្ថបទ ឬក៏បង្កើតអ្វីមួយនៅក្នុងកម្មវិធីទាំងអស់នោះ ពីព្រោះ AI ពិសេសមួយនេះ គឺមានភាពឆ្លាតវៃ និងអាចបំផុសគំនិតបានថែមទៀតផង។

របាយការណ៍ដដែលនេះ ក៏បានប្រាប់បន្ថែមទៀតថា Microsoft កំពុងធ្វើតេស្ដសាកល្បងប្រើប្រាស់ AI ឈ្មោះថា GPT នេះ ដើម្បីពង្រឹងលើប្រព័ន្ធស្វែងរក Search នៅក្នុង Outlook ដោយមិនចាំបាច់ឲ្យអ្នកប្រើប្រាស់ សរសេរពាក្យចូលច្បាស់លាស់នោះទេ។ នេះគឺមានន័យថា អ្នកប្រើប្រាស់គ្រាន់តែសរសេរប៉ុន្មានពាក្យប៉ុណ្ណោះ នោះ AI នឹងអាចដឹងភ្លាមថា អ្នកប្រើប្រាស់ចង់ស្វែងរកអ្វីមួយហើយ។

ក្រៅពីនេះទៀត សម្រាប់អ្នកប្រើប្រាស់ Words វិញ បច្ចេកវិទ្យា AI មួយនេះ ក៏អាចជួយណែនាំថា គួរតែកែតម្រូវត្រង់កន្លែងណាខ្លះទើបបានល្អ នៅលើអត្ថបទរបស់អ្នកប្រើប្រាស់ផងដែរ។ ជាការពិតណាស់ មនុស្សភាគច្រើនបានឃើញពីសមត្ថភាពរបស់ AI ឈ្មោះថា GPT របស់ OpenAI នេះរួចមកហើយ ដោយអាចបញ្ជាឲ្យធ្វើការងារបានច្រើន ដូចជាសរសេរកូដអ្វីមួយឲ្យជាដើម។

គួរបញ្ជាក់ម្ដងទៀតថា នេះគ្រាន់តែជាដំណឹងលេចធ្លាយ និងស្ថិតនៅក្នុងការសាកល្បងប៉ុណ្ណោះ ដោយ Microsoft មិនទាន់បានប្រកាសជាផ្លូវការនៅឡើយទេ។ យ៉ាងណាមិញ ប្រសិនបើបច្ចេកវិទ្យា AI GPT អាចមាននៅលើ Word, PowerPoint និងកម្មវិធីផ្សេងៗទៀតបានមែន គឺប្រាកដជាល្អមែនទែនសម្រាប់អ្នកប្រើប្រាស់ទាំងអស់។

ប្រភព ៖ The Information
អត្ថបទទាក់ទង