Microsoft ត្រៀមឈប់បន្ដផ្ដល់ជូនប្រព័ន្ធសុវត្ថិភាពឲ្យ Windows 7 និង 8.1 ចាប់ពីថ្ងៃនេះហើយ
ដោយ​ ៖ ឡេង | 2 សប្ដាហ៍មុន SHARE

 

ទោះបីជា Windows 7 និង Windows 8.1 បានចូលនិវត្តន៍ហើយក៏ពិតមែនក្ដី ប៉ុន្ដែ Microsoft ក៏នៅតែបន្ដផ្ដល់ជូនកំណែអាប់ដេតសុវត្ថិភាពជាប្រចាំ ពីព្រោះតែនៅមានក្រុមហ៊ុនជាច្រើន នៅតែបន្ដប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការទាំងអស់នោះដដែល។ បន្ទាប់ពី Microsoft បានណែនាំឲ្យក្រុមហ៊ុនទាំងអស់នោះ ផ្លាស់ប្ដូរមកប្រើប្រាស់ Windows 10 និង 11 បានជោគជ័យមក ដូច្នេះពួកគេក៏សម្រេចចិត្តបញ្ចប់ប្រព័ន្ធសុវត្ថិភាពឲ្យ Windows 7 និង 8.1 នៅថ្ងៃទី 10 ខែមករា ឆ្នាំ 2023 នេះតទៅហើយ។

ជាការពិតណាស់ បើយោងតាមទិន្នន័យចេញពី StatCounter បានបង្ហាញថា នាពេលបច្ចុប្បន្ននេះ អ្នកប្រើប្រាស់ Windows 7 នៅមានចំនួន 11%, អ្នកប្រើប្រាស់ Windows 8.1 នៅមានចំនួន 2.59% រីឯអ្នកប្រើប្រាស់ Windows 10 មានចំនួន 68% និងចុងក្រោយគេ អ្នកប្រើប្រាស់ Windows 11 មានចំនួនខ្ទង់ 17% ផងដែរ។ ដំបូងឡើយ Windows 7 ត្រូវបានបញ្ចប់ជីវិតតាំងឆ្នាំ 2020 មកម្ល៉េះ ប៉ុន្ដែអ្នកប្រើប្រាស់ភាគច្រើនសុខចិត្តបង់ប្រាក់បន្ថែម ក៏មិនដំឡើង Windows 10 នោះដែរ ដើម្បីឲ្យ Microsoft បន្ដបញ្ចេញកំណែអាប់ដេតផ្នែកប្រព័ន្ធសុវត្ថិភាពឲ្យរយៈពេល 3 ឆ្នាំទៀត។ លើសពីនេះ Google ក៏បានប្រកាសប្រាប់ដូចគ្នាថា ពួកគេនឹងឈប់អាប់ដេតឲ្យ Windows 7 និង 8.1 ចាប់ផ្ដើមពីថ្ងៃទី 7 ខែកុម្ភៈ ឆ្នាំ 2023 ខាងមុខនេះដែរ។

ប្រសិនបើកុំព្យូទ័ររបស់អ្នកកំពុងនៅប្រើប្រាស់ Windows 7 និង Windows 8.1 ដូចនេះអាចអាប់ដេតឡើងទៅ Windows 11 ឬ Windows 10 បាន ដើម្បីជៀសវាងបញ្ហាខ្វះប្រព័ន្ធសុវត្ថិភាពនានា។

ប្រភព ៖ Microsoft
អត្ថបទទាក់ទង