ប្រព័ន្ធសេវា 3G ត្រូវបានកាត់ផ្ដាច់ទាំងស្រុងហើយ សម្រាប់អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក
ដោយ​ ៖ ឡេង | 4 សប្ដាហ៍មុន SHARE

 

នៅអំឡុងដើមឆ្នាំ 2000 កន្លងទៅ ប្រព័ន្ធសេវា 3G បានបង្ហាញខ្លួនទូលំទូលាយជាលើកដំបូង បន្ទាប់មកក៏ចាប់ផ្ដើមមានប្រជាប្រិយភាពបន្ដិចម្ដងៗ ជាមួយនឹងម៉ូឌែល iPhone 3G និង HTC Dream ផងដែរ។ កាលពីនៅក្នុងជំនាន់នោះ 3G គឺផ្ដល់ជូនប្រព័ន្ធអ៊ីធើណេតលឿនបំផុតមួយ សម្រាប់បើកគេហទំព័រ, ស្ដាប់ចម្រៀង និងមើលរូបភាព។ ឈានចូលមកដល់ឆ្នាំ 2023 នេះ សហរដ្ឋអាមេរិក កំពុងបន្ដពង្រីកលើប្រព័ន្ធសេវា 5G បន្ថែមទៀត ហើយរីឯប្រព័ន្ធសេវា 3G គឺត្រូវបានកាត់ផ្ដាច់ទាំងស្រុងតែម្ដង។

Verizon ជាក្រុមហ៊ុនចុងក្រោយគេ ទៅលើការបោះបង់ចោលសេវា 3G នេះ កាលពីថ្ងៃទី 31 ខែធ្នូ 2022 ដោយឡែក ក្រុមហ៊ុនផ្សេងៗទៀតដូចជា AT&T បានបិទតាំងពីអំឡុងខែកុម្ភៈ ឆ្នាំ 2022 និងក្រុមហ៊ុន T-Mobile បានបិទនៅពេលចុងខែមីនា ឆ្នាំ 2022 បន្ដបន្ទាប់គ្នា។ ហេតុនេះហើយ អ្នកកំពុងបន្ដប្រើប្រាស់ទូរសព្ទ 3G នឹងត្រូវផ្លាស់ប្ដូរទៅទូរសព្ទ 4G LTE ដើម្បីអាចបន្ដទំនាក់ទំនងគ្នាបានតទៅទៀត។ ដំបូងឡើយ សហរដ្ឋអាមេរិក មានគម្រោងកាត់ផ្ដាច់សេវា 3G តាំងពីអំឡុងឆ្នាំ 2019 មកម្ល៉េះ ប៉ុន្ដែក៏មានការពន្យាពេលវិញ។

ជាការពិតណាស់ ប្រព័ន្ធសេវា 3G គឺនៅតែកំពុងបន្ដប្រើប្រាស់ សម្រាប់ប្រទេសផ្សេងៗទៀតដដែល ក្រៅពីសហរដ្ឋអាមេរិក។ តើប្រិយមិត្តអ្នកអានទាំងអស់គ្នា នៅចាំពីបទពិសោធន៍ប្រើប្រាស់ដំបូងជាមួយ 3G ដែរឬក៏អត់ទេ?

ប្រភព ៖ USA
អត្ថបទទាក់ទង