មុខងារថ្មីៗទាំងអស់នេះ នឹងមានអាប់ដេតបន្ថែមឲ្យនៅលើ iOS នៅក្នុងអំឡុងឆ្នាំ 2023
ដោយ​ ៖ ឡេង | 4 សប្ដាហ៍មុន SHARE

 

រីករាយឆ្នាំថ្មីឆ្នាំសកល 2023 ហើយសម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS វិញ ក៏នឹងមានមុខងារថ្មីៗសម្រាប់អាប់ដោតជូន អ្នកប្រើប្រាស់ទាំងអស់ដូចគ្នា។ មុខងារទាំងអស់នេះ គ្រោងនឹងបញ្ចេញឲ្យអ្នកប្រើប្រាស់ ឲ្យបានមុនការបញ្ចេញ iOS 17 នៅអំឡុងពេលចុងឆ្នាំនេះផងដែរ។

តភ្ជាប់សារសុវត្ថិភាពសម្រាប់គណនី Apple ID

កំណែអាប់ដេត iOS 16.3 ជំនាន់សាកល្បង Beta បានធ្វើការតេស្ដលើមុខងារថ្មីមួយនេះ ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់យក USB Flash Drive ប្រភេទសុវត្ថិភាព ឬក៏ឧបករណ៍ NFC ប្រភេទសុវត្ថិភាព មកធ្វើជាសារសម្ងាត់បាន សម្រាប់ការពារពីលើ Apple ID របស់អ្នកប្រើប្រាស់ បានមួយជាន់ទៀតតែម្ដង។ Apple មិនទាន់មានគម្រោងបង្កើតសារសុវត្ថិភាពនោះដោយខ្លួនឯងនោះទេ ដោយឡែកពួកគេនឹងអនុញ្ញាតឲ្យភ្ជាប់ជាមួយ Security Keys របស់ម៉ាក Yubico ជាដើម។

សារដំណឹងចេញពីគេហទំព័រនៅក្នុង Safari

ជាការពិតណាស់ នេះក៏ជាមុខងារថ្មីមួយទៀត នឹងបង្ហាញខ្លួននៅលើ iOS នាពេលខាងមុខនេះ បើទោះបីជាមាននៅលើប្រព័ន្ធប្រតិបត្តិការផ្សេងៗ ជាយូរណាស់មកហើយក្ដី។ ហាក់បីដូចជានៅលើ Android អ៊ីចឹងដែរ ដោយអ្នកប្រើប្រាស់អាចអនុញ្ញាតឲ្យគេហទំព័រណាមួយ ដែលបានបើកនៅក្នុង Safari ឲ្យផ្ដល់សារដំណឹងបាន ដូចជាកម្មវិធីទូទៅដែរ។ ចំណែកឯអ្នកប្រើប្រាស់ក៏ត្រូវប្រុងប្រយ័ត្នដូចគ្នា ទៅលើការអនុញ្ញាតឲ្យគេហទំព័រណាមួយ មកផ្ដល់សារដំណឹងទៅឲ្យអ្នក ពីព្រោះគេហទំព័រមួយចំនួន អាចផ្ដល់សារដំណឹងជាផ្ទាំងពាណិជ្ជកម្ម ឬជាមេរោគក៏ថាបាន។

Apple Pay Later ទិញទំនាញហើយចាំបង់ប្រាក់តាមក្រោយ

ខណៈពេលដែល iOS 16 បានប្រកាសចេញជាផ្លូវការលើកដំបូង មុខងារ Apple Pay Later គឺទទួលបានចំណាប់អារម្មណ៍មិនតិចនោះទេ ដោយមុខងារថ្មីមួយនេះ នឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់ Apple Pay ធ្វើការខ្ចីលុយយកទៅទិញទំនាញសិនបាន រួចចាំបង់ប្រាក់សរុបម្ដងក៏បានដែរ។ មុខងារមួយនេះទំនងនឹងចេញនៅលើ iOS 16.4 និងបើកដំណើរការសម្រាប់តែប្រទេសធំៗមួយចំនួនសិនប៉ុណ្ណោះ ដូច្នេះអ្នកប្រើប្រាស់ត្រូវរង់ចាំយូរទៀតឯណោះ។

បើកគណនីសន្សំប្រាក់តាមរយៈ Apple Card Savings Account

Apple នឹងពង្រីកលើសេវាកម្មបង់ប្រាក់របស់ខ្លួនបន្ថែមទៀត ដោយអនុញ្ញាតឲ្យអ្នកប្រើប្រាស់បើកគណនីសន្សំប្រាក់ ជាមួយនឹង Apple ផ្ទាល់តែម្ដង ហាក់បីដូចជាធនាគារអ៊ីចឹងដែរ។ អ្នកប្រើប្រាស់ Apple Card នឹងអាចគ្រប់គ្រងទឹកប្រាក់របស់ពួកគេ បានកាន់តែងាយស្រួលបន្ថែមទៀត សម្រាប់ទូទាត់ប្រាក់នានា នៅប្រទេសដែលទទួលយក Apple Pay ទាំងអស់។

ផ្ទៃប្រើប្រាស់ថ្មីសម្រាប់ Apple CarPlay

ទោះបីជាបានប្រកាសចេញជាយូរណាស់ហើយក្ដី ប៉ុន្ដែផ្ទៃម៉ីនុយប្រើប្រាស់ថ្មីរបស់ Apple CarPlay គឺនៅមិនទាន់អាប់ដេតឲ្យអ្នកប្រើប្រាស់នោះទេ ប៉ុន្ដែនៅក្នុងអំឡុងឆ្នាំ 2023 នេះ ទំនងជាមកដល់មែនទែនហើយ។ មុខងារ Apple CarPlay ថ្មីៗនៅរួមមានដូចជា ការគាំទ្របន្ទះអេក្រង់លើសពី 1, ការបន្ថែមផ្ទាំង Widgets ក៏ដូចជាការអនុញ្ញាតឲ្យបញ្ជារថយន្ដបាន ទៅលើការបញ្ជាម៉ាស៊ីនត្រជាក់ និងផ្សេងៗទៀត។ រថយន្ដដែលប្រើប្រាស់ Apple CarPlay គឺឃើញមាននៅលើ Acura, Audi, Ford, Honda, Jaguar, Land Rover, Mercedes-Benz, Nissan, Porsche, Volvo និងរថយន្ដដទៃទៀត។

ការពង្រីកបន្ថែមមុខងារ Emergency SOS via Satellite ទៅឲ្យប្រទេសដទៃ

នាពេលបច្ចុប្បន្ននេះ មុខងារហៅជំនួយតាមរយៈផ្កាយរណប Emergency SOS via Satellite គឺមានតែនៅសហរដ្ឋអាមេរិក និងប្រទេសកាណាដាប៉ុណ្ណោះ ជាមួយការប្រើប្រាស់បានដោយឥតគិតថ្លៃ នៅក្នុងរយៈពេល 2 ឆ្នាំដំបូង។ នៅក្នុងឆ្នាំ 2023 នេះ Apple កំពុងមានគម្រោងពង្រីកទៅឲ្យប្រទេសផ្សេងៗទៀតដែរ ដោយទើបតែបើកដំណើរការបន្ថែមនៅក្នុងប្រទេសបារាំង អាល្លឺម៉ង់ អៀរឡង់ និងចក្រភពអង់គ្លេស កាលពីខែមុនកន្លងទៅនេះ។ សង្ឃឹមថា Apple នឹងបើកដំណើរការមុខងារឲ្យកាន់តែធំទូលាយ ក៏ដូចជាបើកដំណើរការសម្រាប់ប្រទេសកម្ពុជាយើងដែរទៅចុះ។

ការពង្រីកបន្ថែមមុខងារ Advanced Data Protection ទៅឲ្យប្រទេសដទៃ

iOS 16.2 នឹងនាំយកមកនូវមុខងារប្រព័ន្ធសុវត្ថិភាព កាន់តែតឹងថែមមួយកម្រិតទៀត ជាមួយនឹងមុខងារ Advanced Data Protection ដែលនឹងការពារទិន្នន័យរបស់អ្នកប្រើប្រាស់ iCloud បូករួមទាំងរូបភាព, វីដេអូ, សារ និងផ្សេងៗទៀត។ មុខងារនេះបានបើកឲ្យអ្នកប្រើប្រាស់ នៅក្នុងសហរដ្ឋអាមេរិកជាមុនសិន ដោយនឹងពង្រីកទៅឲ្យ អ្នកប្រើប្រាស់ទូទាំងពិភពលោក នៅក្នុងអំឡុងឆ្នាំ 2023 ខាងមុខនេះ។

ដូច្នេះហើយ នៅក្នុងចំណោមមុខងារថ្មីៗប្រចាំ 2023 ទាំងអស់នេះ តើមុខងារមួយណាដែលអ្នករង់ចាំចង់ប្រើប្រាស់ជាងគេ? ហើយតើមុខងារថ្មីៗណាខ្លះទៀត ដែលអ្នកចង់ឃើញមាននៅលើ iOS 17 នៅចុងឆ្នាំនេះ?

ប្រភព ៖ Apple
អត្ថបទទាក់ទង