OPPO Find N2 និង Find N2 Flip ត្រៀមប្រកាសចេញនៅថ្ងៃទី 15 ខែធ្នូ 2022 ខាងមុខនេះ
ដោយ​ ៖ ឡេង | មួយខែមុន SHARE

 

បន្ទាប់ពីបានលេចធ្លាយបានមួយរយៈមក ដោយពេលថ្មីៗនេះ OPPO ប្រចាំប្រទេសចិន បានបង្ហោះជាផ្លូវការហើយថា OPPO Find N2 និង Find N2 Flip នឹងត្រូវបានដាក់បង្ហាញនៅថ្ងៃទី 15 ខែធ្នូ ឆ្នាំ 2022 ខាងមុខនេះតែម្ដង។ សម្រាប់ OPPO Find N2 នឹងមកបន្ដដំណែងពី Find N ជំនាន់មុន រីឯ Find N2 Flip​ វិញ គឺជាម៉ូឌែលស៊េរីថ្មីលើកដំបូង នៅក្នុងត្រកូលទូរសព្ទអេក្រង់បត់របស់ OPPO ទៅថ្ងៃអនាគត។

ហេតុដូច្នេះហើយ OPPO ក៏នឹងមានទូរសព្ទអេក្រង់បត់ចំនួន 2 ម៉ូឌែលដូចគ្នា បើប្រៀបធៀបទៅនឹង Samsung ជាមួយម៉ូឌែល Galaxy Z Fold និង Galaxy Z Flip ផងដែរ។ នាពេលបច្ចុប្បន្ននេះ OPPO មិនទាន់បានប្រាប់ព័ត៌មានលម្អិតអំពី Find N2 និង Find N2 Flip នៅឡើយទេ ដោយទាល់តែដល់ថ្ងៃប្រកាសចេញជាផ្លូវការតែម្ដង។ បើយោងតាមព័ត៌មានលេចធ្លាយវិញ បានលើកឡើងមកឲ្យដឹងត្រួសៗថា Find N2 Flip នឹងមានបន្ទះអេក្រង់នៅខាងក្រៅទំហំធំ ជាមួយថាមពលថ្មទំហំធំ និងមានស្នាមផ្នត់ល្អប្រសើរជាងមុន។ ចំណែកឯ Find N2 ស៊េរីថ្មី ត្រូវបានគេរំពឹងទុកថា នឹងមានទម្ងន់កាន់តែស្រាលជាងមុនខ្ទង់ 15% និងការអាប់ដេតបច្ចេកវិទ្យា ទៅកាន់ជំនាន់ចុងក្រោយ ជាដើម។

ទស្សនាវីដេអូផ្លូវការអំពី OPPO Find N2 និង Find N2 Flip ដែលត្រូវបានបង្ហោះដោយ OPPO ផ្ទាល់៖

បើសិនជាប្រិយមិត្តអ្នកទាំងអស់គ្នា កំពុងតែមានចំណាប់អារម្មណ៍លើ OPPO Find N2 និង Find N2 Flip ដូចនេះកុំភ្លេចរង់ចាំតាមដានជាមួយ ខេមបូរីផត នៅថ្ងៃទី 15 ខែធ្នូ ឆ្នាំ 2022 ត្រូវនឹងសប្ដាហ៍ក្រោយនេះ។

ប្រភព ៖ OPPO China (Weibo)
អត្ថបទទាក់ទង