ស្មាតហ្វូនកាមេរ៉ាយក្ស Tecno Phantom X2 | X2 Pro បានបង្ហាញខ្លួនជាលើកដំបូង
ដោយ​ ៖ ឡេង | មួយខែមុន SHARE

 

Tecno ត្រកូល Phantom បានត្រឡប់មកវិញហើយ ជាមួយនឹងម៉ូឌែល X2 និង X2 Pro ហើយថែមទាំងទទួលបានរូបរាងប្លែកខុសពីគេ មិនធ្លាប់ឃើញពីមុនមកថែមទៀតផង។ ដំបូងឡើយ អ្នកភាគច្រើនអាចគិតថា វាគ្រាន់តែជារូបភាពកាត់ត Photoshop លេងប៉ុណ្ណោះ ប៉ុន្ដែពេលនេះបានក្លាយទៅជាការពិតហើយ។

Tecno Phantom X2 និង Phantom X2 Pro ប្រើប្រាស់បន្ទះឈីប MediaTek Dimensity 9000 ទំហំ 4nm ដូចគ្នា ដោយសម្រាប់ម៉ូឌែល X2 មាន RAM LPDDR5X ទំហំ 8GB រីឯម៉ូឌែល X2 Pro មាន RAM LPDDR5X ទំហំ 12GB ជាមួយទំហំផ្ទុក 256GB UFS 3.1 ដូចគ្នា។ ស្មាតហ្វូនស៊េរីថ្មីៗទាំង 2 ម៉ូឌែលនេះ ត្រូវបានបំពាក់ដោយអេក្រង់ AMOLED 120Hz ទំហំ 6.8” និងមានគុណភាពបង្ហាញកម្រិត FHD+ ក៏ដូចជាការពារដោយកញ្ចក់ Gorilla Glass Victus ជាដើម។ Tecno ផ្ដល់ជូនឲ្យថាមពលថ្មទំហំ 5,160mAh ជាមួយបច្ចេកវិទ្យាបញ្ចូលថ្មលឿនកម្លាំង 45W ឲ្យទាំង 2 ម៉ូឌែលតែម្ដង។

ទាល់តែផ្នែកកាមេរ៉ាខាងក្រោយ ទើបម៉ូឌែល X2 Pro មានសមត្ថភាពជាងម៉ូឌែល X2 ធម្មតា ជាមួយនឹងលេនទំហំធំទាំងនោះ​ គឺអាចស្រូបយកពន្លឺបានច្រើនជាង ទូរសព្ទដទៃទៀតលើទីផ្សារបច្ចុប្បន្ននេះ។ កាមេរ៉ាគោលមានទំហំ 50MP f/1.9 + លេន Telephoto ទំហំ 50MP f/1.5 អាច Zoom បែប Optical បានចម្ងាយ 2.5x និងចុងក្រោយគេជាលេន Ultra-Wide ទំហំ 13MP ក៏ដើរតួជាលេន Macro ផងដែរ។ អ្វីដែលសំខាន់នោះគឺជាលេន Telephoto នៅក្នុងម៉ូឌែល X2 Pro នេះ ដែលត្រូវបាន Tecno អះអាងថា ជាកាមេរ៉ាថត Portrait បានកម្រិតខ្ពស់ជាងគេមួយ នាពេលបច្ចុប្បន្ននេះ។

ចំពោះកាមេរ៉ាខាងមុខវិញ គឺមានទំហំ 32MP ដូចៗគ្នាទាំង 2 ម៉ូឌែល។ ហើយសម្រាប់កាមេរ៉ាខាងក្រោយរបស់ម៉ូឌែល X2 គឺរួមមានលេនគោល 64MP + លេន Ultra-Wide ទំហំ 13MP និងលេនសេនស័រជំនួយទំហំ 2MP មួយទៀត ដូច្នេះទោះបីជារូបរាងនៅខាងក្រៅមានរាងធំមែន ប៉ុន្ដែមិនពិសេសដូចជាម៉ូឌែល X2 Pro នោះទេ។

សម្រាប់តម្លៃដាក់លក់របស់ Tecno Phantom X2 គឺស្ថិតនៅខ្ទង់ 717 ដុល្លារ និងម៉ូឌែល Phantom X2 Pro គឺមានតម្លៃខ្ទង់ 930 ដុល្លារ។ គួរបញ្ជាក់ផងថា នាពេលបច្ចុប្បន្ននេះ TECNO Mobile ប្រចាំប្រទេសកម្ពុជា នៅមិនទាន់នាំយកមកលក់នៅឡើយទេ ដូច្នេះអ្នកទាំងអស់គ្នា អាចរង់ចាំតាមដានបន្ដទៀតបាន។

ប្រភព ៖ TECNO
អត្ថបទទាក់ទង