ឆាប់ៗនេះអ្នកប្រើប្រាស់ Apple Music នឹងអាចច្រៀងខារ៉ាអូខេបានថែមទៀត
Apple បានប្រកាសចេញមុខងារថ្មីសម្រាប់ Apple Music នៅក្នុងពេលឆាប់ៗខាងមុខនេះ ដែលត្រូវជាមុខងារមានឈ្មោះហៅថា Apple Music Sing សម្រាប់ច្រៀងខារ៉ាអូខេថែមទៀតផង។ បទចម្រៀងចំនួនជាង 10 លានបទនៅលើ Apple Music នឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់ច្រៀងតាមបាន ដើម្បីបន្ថែមបទពិសោធន៍ទៅលើនោះទៀត។
Apple Music Sing គឺជាមុខងារបន្ថែមពីលើសេវាកម្ម Apple Music ដែលមានតម្លៃខ្ទង់ 3.29 ដុល្លារក្នុងមួយខែ សម្រាប់ប្រទេសកម្ពុជាយើង។ មុខងារច្រៀងខារ៉ាអូខេថ្មីនេះ នឹងអាចឲ្យអ្នកប្រើប្រាស់ ធ្វើការកម្រិតកំណត់សំឡេង របស់អ្នកចម្រៀងដើមបាន ក៏ដូចជាមានអក្សររត់កាត់ សម្រាប់ឲ្យច្រៀងតាមបានដូចគ្នា។
Apple បានប្រាប់ថា មុខងារថ្មីនេះនឹងបញ្ចេញនៅចុងខែធ្នូ 2022 នេះ សម្រាប់ដំណើរការនៅលើ iPhone 11 ឡើងទៅ និង iPad ជំនាន់ទី 9 ឡើងទៅ។ យ៉ាងណាមិញ សម្រាប់អ្នកប្រើប្រាស់ Apple Music នៅលើ Android នឹងទទួលបានអក្សររត់កាត់ ប៉ុន្ដែមិនអាចកំណត់សំឡេង របស់អ្នកចម្រៀងដើមបាននោះទេ។
អ៊ីចឹង សម្រាប់អ្នកប្រើប្រាស់សេវាកម្ម Apple Music ដែលជាអ្នកចូលចិត្តច្រៀងខារ៉ាអូខេ ប្រាកដជាពេញចិត្តនឹងមុខងារថ្មីនេះមិនខានឡើង។