Tim Cook និយាយថា Apple នឹងចាប់ផ្ដើមប្រើប្រាស់ឈីបផលិតនៅសហរដ្ឋអាមេរិកផ្ទាល់
បន្ទាប់ពីមានពាក្យចចាមអារ៉ាមតៗគ្នា អស់រយៈពេលប៉ុន្មានខែមក ដោយពេលនេះលោក Tim Cook និងប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានបញ្ជាក់ជាផ្លូវការហើយថា Apple នឹងផ្លាស់ប្ដូរមកប្រើប្រាស់ឈីប ដែលផលិតនៅក្នុងស្រុកផ្ទាល់តែម្ដង។ រោងចក្រខ្នាតធំនោះគឺស្ថិតនៅ រដ្ឋអារីហ្សូណា សហរដ្ឋអាមេរិក ដែលត្រូវជារោងចក្រកំពុងសាងសងដោយ TSMC មានតម្លៃរហូតដល់ខ្ទង់ 12 ពាន់លានដុល្លារ ទៅខ្ទង់ 40 ពាន់លានដុល្លារឯណោះ។
ជាការពិតណាស់ នេះជាគម្រោងរបស់សហរដ្ឋអាមេរិក ទៅលើគម្រោងចាកចេញពីទីផ្សារប្រទេសចិន ដោយចាប់ផ្ដើមផលិតនៅក្នុងស្រុកឡើងវិញ។ នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនផ្គត់ផ្គង់ធំៗសម្រាប់ Apple គឺមានទីតាំងនៅតៃវ៉ាន់ដូចជា TSMC និង Foxconn ប៉ុន្ដែដោយសារតែការប៉ះពាល់ជាមួយប្រទេសចិន ដូច្នេះហើយក៏សម្រេចចិត្តផ្លាស់ប្ដូរទីតាំងបែបនេះ។ រោងចក្រ TSMC កំពុងសាងសងនៅ រដ្ឋអារីហ្សូណា សហរដ្ឋអាមេរិក នឹងធ្វើការផលិតឈីបទំហំ 4nm ក៏ដូចជា 3nm ជំនាន់ក្រោយ បន្ទាប់ពីសាងសងរួចនៅអំឡុងឆ្នាំ 2024 ខាងមុខនេះ។ ក្រៅពីការផលិតឈីបត្រកូល A-Series និង M-Series សម្រាប់ Apple ហើយ រោងចក្រថ្មីនេះក៏នឹងផលិតឈីបសម្រាប់ Nvidia ដូចគ្នា។
កាលពីពេលថ្មីៗនេះដែរ ក៏មានរបាយការណ៍មួយថា Apple ក៏កំពុងបន្ថែមផលិតកម្មដំឡើង នៅប្រទេសឥណ្ឌានិងប្រទេសវៀតណាមដូចគ្នា ដោយកាត់បន្ថយការពឹងផ្អែកលើប្រទេសចិនវិញ។