DJI ទំនងជាគ្រោងប្រកាសចេញ Mini 3 ស៊េរីថ្មីនៅថ្ងៃទី 9 ខែធ្នូ ឆ្នាំ 2022 ខាងមុខនេះ
ដោយ​ ៖ ឡេង | មួយខែមុន SHARE

 

កាលពីដើមឆ្នាំនេះ DJI បានប្រកាសចេញ Drone ស៊េរីថ្មីដែលត្រូវជាម៉ូឌែល Mini 3 Pro ទម្ងន់ស្រាលខ្ទង់ 250g ជាមួយមុខងារសំខាន់ច្រើន និងមានសមត្ថភាពគ្រប់គ្រាន់ សម្រាប់អ្នកប្រើប្រាស់ភាគច្រើន។ បើយោងទៅតាមប្រភពថ្មីៗលើកនេះ ក៏បានចែករំលែកឲ្យដឹងថា DJI ត្រៀមនឹងប្រកាសចេញ Mini 3 ស៊េរីថ្មីមួយទៀត នៅថ្ងៃទី 9 ខែធ្នូ ឆ្នាំ 2022 ខាងមុខនេះ ដែលមានតម្លៃសមរម្យជាងបន្ដិច។

ចំពោះដំណឹងថ្មីនេះ គឺត្រូវបានលេចចេញពី ហាងលក់មួយកន្លែងនៅសហរដ្ឋអាមេរិក ដែលបានប្រទះឃើញដាក់តាំង DJI Mini 3 មុនពេលប្រកាសចេញជាផ្លូវការទៀត។ បើយោងទៅតាមប្រអប់របស់វានេះ គឺបានបញ្ជាក់ប្រាប់ឲ្យដឹងថា DJI Mini 3 ស៊េរីថ្មី នឹងអាចហោះដើរបានរយៈពេល 38 នាទី, អាចថតវីដេអូកម្រិត 4K បាន, ទ្រទ្រាងកម្លាំងខ្យល់បានកម្រិត Level 5 និងអាចហោះបានចម្ងាយ 10 គីឡូម៉ែត្រ។ លើសពីនេះ វាក៏មានផ្ដល់ជូននូវ មុខងារ QuickShots និង Panorama ថែមទៀតផង។

DJI Mini 3 ស៊េរីថ្មី នឹងនៅរក្សាទម្ងន់ក្រោម 249g និងប្រើប្រាស់សេនស័រកាមេរ៉ាដូចគ្នានៅលើ DJI Mini 3 Pro អ៊ីចឹងដែរ។ ដោយឡែក DJI Mini 3 ស៊េរីថ្មី នឹងត្រូវបានបាត់បង់សេនស័រមួយ ដែលអាចហោះចេញពីឧបសគ្គបានដោយស្វ័យប្រវត្តិ ក៏ដូចជាហោះបានជិតជាង DJI Mini 3 Pro ចំនួន 2 គីឡូម៉ែត្រ ពីព្រោះដើម្បីកាត់បន្ថយតម្លៃ។

ការដាក់តាំងបង្ហាញនៅក្នុងហាងនោះ បានបញ្ជាក់ឲ្យដឹងថា DJI Mini 3 ស៊េរីថ្មី នឹងមានតម្លៃខ្ទង់ 859 ដុល្លារ ជាមួយ Drone នេះមួយគ្រឿង, ដៃបញ្ជាដែលមានភ្ជាប់ជាមួយបន្ទះអេក្រង់ហើយស្រេច, ដុំ Hub សម្រាប់បញ្ចូលថ្ម, កាបូប និងស្លាបបន្ថែម។ ហេតុដូច្នេះហើយ វាក៏មានតម្លៃទាបជាងខ្ទង់ 200 ដុល្លារ បើប្រៀបធៀបទៅនឹង DJI Mini 3 Pro តម្លៃខ្ទង់ 1,098 ដុល្លារ ជាមួយនឹងកញ្ចប់ Fly More Kit និងដៃបញ្ជាដែលមានអេក្រង់ដូចគ្នា។

ប្រភព ៖ DealsDrone
អត្ថបទទាក់ទង