TP-Link បានប្រកាសចេញ Router ប្រភេទ Wi-Fi 7 ជាផ្លូវការហើយ
ដោយ​ ៖ ឡេង | 3 សប្ដាហ៍មុន SHARE

 

ប្រិយមិត្តអ្នកអានភាគច្រើន ប្រាកដជាធ្លាប់ស្គាល់ពីក្រុមហ៊ុន TP-Link ពីមុនរួចមកហើយ ដែលជាក្រុមហ៊ុនផលិត Router ដ៏ល្បីឡាញមួយទូទាំងពិភពលោក។ កាលពីយប់មិញនេះ ថ្ងៃទី 15 វិច្ឆិកា 2022 ពួកគេបានធ្វើការប្រកាសចេញផលិតផល Router ប្រភេទ Wi-Fi 7 ជាផ្លូវការហើយ សម្រាប់ដាក់លក់នៅដើមឆ្នាំ 2023 ខាងមុខនេះ។

គួរបញ្ជាក់ផងថា បច្ចេកវិទ្យា Wi-Fi 7 មិនទាន់បានដាក់ឲ្យប្រើប្រាស់នៅឡើយទេ ដោយអាចរង់ចាំរហូតដល់អំឡុងឆ្នាំ 2024 ទើបអាចប្រើប្រាស់ជាសាធារណៈបាន។ យ៉ាងណាក៏ដោយ នេះក៏នៅតែមិនអាចបញ្ឈប់ TP-Link លើការដាក់លក់ Router ប្រភេទ Wi-Fi 7 ឲ្យបានមុនគេនោះដែរ។

ចំពោះដុំ Router ប្រភេទ Wi-Fi 7 ថ្មីៗទាំងអស់នោះ គឺរួមមានដូចជា ម៉ូឌែល Deco BE95 តម្លៃ 1,200 ដុល្លារ សម្រាប់គ្រប់គ្រងដុំ Router Wi-Fi 7 ទាំងអស់នៅក្នុងផ្ទះមួយ, ម៉ូឌែល Archer BE900 តម្លៃ 700 ដុល្លារ ជា Router ប្រភេទ Quad-Band Wi-Fi 7, ម៉ូឌែល Archer GE800 តម្លៃមិនទាន់បញ្ចាក់ប្រាកដ ជា Router សម្រាប់អ្នកលេងហ្គេម ប្រភេទ Tri-Band Wi-Fi 7 និងម៉ូឌែល Omada EAP780 តម្លៃមិនទាន់បញ្ចាក់ប្រាកដ ជា Router សម្រាប់ដាក់ជាប់ពិដាននៅក្រុមហ៊ុន ប្រភេទ Tri-Band Wi-Fi 7 ផងដែរ។

ក្រុមហ៊ុន TP-Link បានលើកឡើងមកថា ប្រព័ន្ធ Wi-Fi 7 នៅថ្ងៃអនាគតនេះ នឹងមានល្បឿនលឿនរហូតដល់ទៅ 46Gbps ជាមួយការកាត់បន្ថយល្បឿន Lag បានល្អជាង Wi-Fi 6 ខ្ទង់ 100 ដង និងអាចទ្រទ្រង់បានឧបករណ៍ច្រើនជាង Wi-Fi 6 បានខ្ទង់ 5 ដងថែមទៀតផង។

ចំពោះ Router ប្រភេទ Wi-Fi 7 ថ្មីៗទាំងអស់នេះ នៅមិនទាន់ដាក់លក់នៅឡើយទេ ដោយយើងត្រូវរង់ចាំទាល់តែ TP-Link ដាក់លក់នៅដើមឆ្នាំ 2023 ខាងមុខនេះ។ គួរបញ្ជាក់ផងថា Router ប្រភេទ Wi-Fi 7 ថ្មីៗទាំងអស់នេះ ក៏នៅអាចតភ្ជាប់ជាមួយ Wi-Fi 6E, Wi-Fi 6 និង Wi-Fi 5 បានដូចគ្នា។

ប្រភព ៖ TP-Link
អត្ថបទទាក់ទង