Apple ត្រូវបានជាប់ពាក្យបណ្ដឹងថ្មីមួយទៀត លើការលួចតាមដានសកម្មភាពអ្នកប្រើប្រាស់
ដោយ​ ៖ ឡេង | 3 សប្ដាហ៍មុន SHARE

 

ជាច្រើនឆ្នាំមកនេះ Apple ពិតជាបង្ហាញឲ្យអតិថិជនដឹងថា ពួកគេខ្វះពីសុវត្ថិភាពរបស់អ្នកប្រើប្រាស់ណាស់ ដោយខិតខំពង្រឹងលើផ្នែកសុវត្ថិភាព ជារៀងរាល់ឆ្នាំតែម្ដង។ យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ Apple ទទួលបានពាក្យបណ្ដឹងសាជាថ្មី ទៅលើផ្នែកតាមដានសកម្មភាពអ្នកប្រើប្រាស់ ទោះបីជាបានចុចបដិសេធលើមុខងារ Allow Apps to Request to Track រួចហើយក៏ដោយ។

ជាការពិតណាស់ Apple ផ្ដល់ជម្រើសឲ្យអ្នកប្រើប្រាស់ទាំងអស់ លើសិទ្ធិក្នុងការតាមដានពួកគេ ប៉ុន្ដែទោះបីជាបានចុចបិទកុំឲ្យតាមដានរួចហើយ ក៏ហាក់បីដូចជានៅតែអាចតាមដានបានដដែល។ ហេតុដូច្នេះហើយ បន្ទាប់ពីស្វែងរកឃើញកំហុសឆ្កង ទើបបានជាមានអ្នកប្ដឹង Apple ទាក់ទងអំពីបញ្ហាសុវត្ថិភាពមួយនេះ។ អ្នកដាក់ពាក្យបណ្ដឹងនោះ គឺជាអ្នកប្រើប្រាស់ iPhone នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ហើយបាននិយាយថាកម្មវិធី App Store របស់ Apple ផ្ទាល់តែម្ដង ដែលបានតាមដានគាត់ដដែល ក្រោយពីបានបិទកុំឲ្យតាមដានរួចទៅហើយ។

ភាគច្រើន ក្រុមហ៊ុនតាមដានសកម្មភាពរបស់អ្នកប្រើប្រាស់ ដើម្បីធ្វើជាអត្ថប្រយោជន៍ លើការបង្ហាញផ្ទាំងពាណិជ្ជកម្ម ឲ្យត្រូវនឹងអ្វីដែលអ្នកប្រើប្រាស់ចង់បាន ពីព្រោះអ្នកប្រើប្រាស់បាន Search ពីផលិតផលប្រភេទនោះមុនមកដែរ។ លើសពីនេះ កាលពីពេលថ្មីៗនេះ Apple ក៏កំពុងតែបន្ថែមផ្ទាំងពាណិជ្ជកម្មនៅលើ App Store ដូចគ្នា ដូច្នេះហើយពាក្យបណ្ដឹងថ្មីមួយនេះ ត្រូវចំពេលល្អថែមទៀតផង។

អ៊ីចឹង ការដាក់ពាក្យបណ្ដឹងលើកនេះ គឺផ្ដោតទៅលើបញ្ហាមួយត្រង់ថា Apple នៅតែបន្ដតាមដានសកម្មភាពអ្នកប្រើប្រាស់ដដែល ក្រោយពីបានចុចបដិសេធកុំឲ្យតាមដានក៏ដោយ។ Apple អាចនឹងត្រូវផ្លាស់ប្ដូរប្រព័ន្ធសុវត្ថិភាពថ្មី ឬក៏បញ្ជាក់ប្រាប់អ្នកប្រើប្រាស់ ឲ្យបានដឹងកាន់តែច្បាស់ថា មូលហេតុអ្វីបានជាពួកគេធ្វើបែបនេះ បន្ទាប់ពីសម្រេចរឿងក្ដីនេះហើយ។

ប្រភព ៖ Bloomberg
អត្ថបទទាក់ទង