ASUS ROG Scar 17 G733 ស៊េរីឆ្នាំ 2022 កំពុងមានលក់នៅលើទីផ្សារស្រុកយើងហើយ
ដោយ​ ៖ ឡេង | 2 ខែមុន SHARE

 

ASUS Republic of Gamers (ROG) បានធ្វើការដាក់លក់កុំព្យូទ័រយួរដៃ Gaming ត្រកូល Strix SCAR ស៊េរីឆ្នាំ 2022 នៅក្នុងប្រទេសកម្ពុជាហើយ ជាមួយនឹងកម្លាំងម៉ាស៊ីនជំនាន់ក្រោយពី Intel និង NVIDIA ផងដែរ។ លើសពីនេះ ROG Strix SCAR 17 G733 ព្រមទាំងមានបំពាក់ RAM ជំនាន់ក្រោយ DDR5 ជាមួយបន្ទះអេក្រង់មាន Refresh Rate ខ្ពស់ និងប្រព័ន្ធបន្ថយកម្ដៅល្អប្រសើរជាងមុន។

ROG Strix SCAR 17 G733 ត្រូវបានភ្ជាប់មកជាមួយ Windows 11 ចេញពីប្រអប់ស្រាប់ ដែលមានជម្រើសកម្លាំងម៉ាស៊ីនឡើងរហូតដល់ស៊ីភីយូ Intel Core™ i9-12950HX បូករួមជាមួយក្រាហ្វិកកាតដាច់ NVIDIA GeForce RTX™ ដែលប្រើប្រាស់ថាមពលដល់ 150W TGP ថែមទៀតផង។ ម៉ាស៊ីននេះត្រូវបានបង្កើតឡើងមក សម្រាប់អ្នកលេងហ្គេមទាំងអស់ ដែលចង់ទទួលបានបទពិសោធន៍កំពូល ដែលរួមបញ្ចូលទាំង RAM ប្រភេទ DDR5 និង SSD ប្រភេទ PCIe® Gen 4x4 ដើម្បីឲ្យដំណើរការកាន់តែរលូន។

បច្ចេកវិទ្យា MUX Switch ក៏មានវត្តមាននៅលើជំនាន់ថ្មីនេះដូចគ្នា ដែលចូលមកជួយបន្ថយការរអាក់រអួល និងជួយបន្ថែមល្បឿននៅក្នុងហ្គេមបាន ដោយអនុញ្ញាតឲ្យក្រាហ្វិកកាតដាច់ រត់ទៅកាន់បន្ទះអេក្រង់ដោយផ្ទាល់។ វាត្រូវប្រើប្រាស់ថាមពលច្រើនជាង ការប្រើប្រាស់ក្រាហ្វិកកាតជាប់ ប៉ុន្ដែល្អសម្រាប់អ្នកចង់បានល្បឿនលឿនបំផុតមួយ។ ASUS ROG បានលើកឡើងមកថា ការប្រើប្រាស់បច្ចេកវិទ្យាជំនួយនេះ ភាគច្រើននឹងអាចជួយបន្ថែមល្បឿន ឲ្យហ្គេមបានខ្ទង់ 15% ហើយហ្គេមខ្លះទៀត ក៏អាចជួយបានរហូតដល់ 43% តែម្ដង។

ម៉ាស៊ីនដែលមានកម្លាំងខ្លាំង ក៏ត្រូវមានប្រព័ន្ធបន្ថយកម្ដៅខ្លាំងដូចគ្នា ហេតុនេះហើយ ASUS ROG ក៏បានពង្រឹងបន្ថែមបច្ចេកវិទ្យា Intelligent Cooling នៅលើនេះដែរ។ កុំព្យូទ័រយួរដៃត្រកូល Strix SCAR ថ្មីនេះ នៅតែប្រើប្រាស់ទឹកលោហៈ Liquid Metal ដើម្បីជួយផ្ទេរកម្ដៅចេញពីស៊ីភីយូបានកាន់តែរហ័ស និងមានប្រសិទ្ធភាពខ្ពស់។ ការប្រើប្រាស់ទឹកលោហៈនេះប្រទះឃើញថា អាចជួយបន្ថយកម្ដៅបានខ្ទង់ 15°C បើប្រៀបធៀបទៅនឹងបច្ចេកវិទ្យាចាស់ ហើយវាក៏បានជួយឲ្យមិនសូវឮសំឡេងកង្ហារដូចគ្នា ព្រោះតែវាអាចផ្ទេរកម្ដៅចេញបានលឿនបែបនេះ។

ចំពោះកង្ហារទាំង 2 របស់ ROG Strix SCAR 17 G733 2022 គឺមានស្លាបកង្ហារស្ដើងៗសរុបដល់ចំនួន 84 ​ដែលជំនួយដល់ចរន្ដខ្យល់ និងកម្រិតសំឡេង។ ក្រៅពីនេះ ASUS ក៏បានប្រាប់ថា វាមានមាត់កង្ហារចំនួន 4 សម្រាប់បញ្ចេញកម្ដៅ និងមានបច្ចេកវិទ្យាសម្អាតធូលីចេញដោយស្វ័យប្រវត្តិ ដើម្បីកុំឲ្យជាប់ធូលីច្រើននៅក្នុងម៉ាស៊ីន ក្រោយពីពេលប្រើប្រាស់យូរខែ យូរឆ្នាំទៅ។

កាន់តែពិសេស ក្ដារចុចរបស់ Strix SCAR 17 គឺជាប្រភេទ RGB Per-Key ដែលមានភ្លើងលំអគួរឲ្យទាក់ទាញ។ អ្នកប្រើប្រាស់អាចកំណត់ម៉ូតភ្លើង បានយ៉ាងច្រើនប្រភេទជាមួយកម្មវិធី Aura Sync និងអាចបង្កើតម៉ូតដោយខ្លួនឯងបាន។ លើសពីនេះទៅទៀត វាក៏មានគម្រប Armor Cap ដែលអាចឲ្យអ្នកប្រើប្រាស់ដោះដូរបាន ទៅតាមចំណង់ចំណូលចិត្តម្នាក់ៗ ឬបង្កើតថ្មីដោយខ្លួនឯងតែម្ដងក៏បាន ជាមួយនឹងម៉ាស៊ីន 3D Printer ដើម្បីយកទៅបំពាក់នៅត្រង់កន្លែងនោះផ្ទាល់។

ប្រសិនបើប្រិយមិត្តអ្នកអាន មានចំណាប់អារម្មណ៍លើ ROG Strix SCAR 17 ស៊េរីឆ្នាំ 2022 គឺអាចស្វែងរកនៅតាមហាងកុំព្យូទ័រនៅក្នុងស្រុកយើង ដែលជាតំណាងចែកចាយរបស់ ASUS ទាំងអស់ ជាមួយនឹងតម្លៃចាប់ពីខ្ទង់ 1,999 ដុល្លារឡើងទៅ។

PRESS CONTACTS

Sak Sovannry
Digital Marketing Specialist
Sovannry_Sak@asus.com

ប្រភព ៖ ASUS Cambodia
អត្ថបទទាក់ទង