X ជាកម្មវិធីសម្រាប់ធ្វើកិច្ចការគ្រប់យ៉ាង កំពុងស្ថិតក្នុងការបង្កើតដោយលោក Elon Musk
ដោយ​ ៖ ឡេង | 2 ខែមុន SHARE

 

ស្ថានភាពក្នុងការទិញយក Twitter ត្រូវបានសម្រួលឲ្យកាន់តែល្អហើយ ដោយលោក Elon Musk យល់ព្រមក្នុងការទិញយកនៅតម្លៃ 54.20 ដុល្លារក្នុងមួយភាគហ៊ុន ដែលប្រហាក់ប្រហែលនឹងខ្ទង់ 44 ពាន់លានដុល្លារ ដូចការគ្រោងទុកដំបូងដែរ។ លើសពីនេះ លោក Elon Musk បានបង្ហើបប្រាប់ថា ការទិញយក Twitter នឹងជួយឲ្យក្រុមការងាររបស់គាត់ អាចបង្កើតកម្មវិធី X, The Everything App បានកាន់តែលឿនជាងមុនថែមទៀត។

បើយោងទៅតាមការបង្ហើបរបស់លោក Elon Musk នោះគឺបានចង្អុលបង្ហាញថា​ កម្មវិធី X, The Everything App នឹងត្រូវបានបង្កើតឡើង សម្រាប់បំពេញកិច្ចការប្រចាំថ្ងៃ របស់អ្នកប្រើប្រាស់ ស្ទើរតែទាំងអស់តែម្ដង។ បើនិយាយឲ្យកាន់តែងាយស្រួលយល់វិញ លោក Elon Musk កំពុងបង្កើតកម្មវិធីដែលស្រដៀងគ្នាទៅនឹង WeChat ដែរ ដោយនៅក្នុងនោះរួមមានទាំង ផ្នែកបណ្ដាញសង្គម, ផ្នែកទំនាក់ទំនង, ផ្នែកទូទាត់ប្រាក់, ផ្នែកកម្សន្ដ, ផ្នែកលក់ដូរ និងកិច្ចការផ្សេងៗទៀត។

លោក Elon Musk បានប្រាប់បន្ថែមទៀតថា ការទិញយក Twitter នឹងជួយឲ្យដំណាក់កាលបង្កើតកម្មវិធី X, The Everything App បានកាន់តែលឿនជាងមុន។ ពីព្រោះតែការនាំយកអ្នកជំនាញៗពី Twitter មកកសាងកម្មវិធី X ថ្មីនេះ នឹងអាចជួយឲ្យពួកគេចំណេញពេលបានចាប់ពី 3 ទៅ 5 ឆ្នាំឯណោះ។

នាពេលបច្ចុប្បន្ននេះ កម្មវិធី X, The Everything App នៅមិនទាន់មានថ្ងៃកំណត់ថា នឹងចេញជាផ្លូវការនៅពេលណានៅលើឡើយទេ ដូច្នេះមានតែរង់ចាំតាមដានបន្ថែមទាំងអស់គ្នា។ ប្រសិនបើអ្នកចូលទៅកាន់វេបសាយ X.com នៅក្នុងពេលនេះ ដូច្នេះអ្នកនឹងឃើញតែអក្សរ X នៅក្នុងផ្ទៃពណ៌សទេប៉ុណ្ណោះ។

ប្រភព ៖ Elon Musk
អត្ថបទទាក់ទង