Xiaomi 12T Series ប្រកាសចេញលើទីផ្សារសកល ជាមួយសេនស័រកាមេរ៉ាទំហំ 200MP
ដោយ​ ៖ ឡេង | 2 ខែមុន SHARE

 

ដើមខែតុលានេះ Xiaomi បានប្រកាសចេញ 12T Series ជាផ្លូវការហើយ ដោយរួមមានដូចជាម៉ូឌែល Xiaomi 12T និង 12T Pro ផងដែរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងគេ នោះប្រាកដជាសេនស័រកាមេរ៉ាទំហំ 200MP នៅលើម៉ូឌែល Xiaomi 12T Pro តែម្ដង ជាមួយតម្លៃចាប់ផ្ដើមពីខ្ទង់ 747 ដុល្លារឡើងទៅ។

Xiaomi 12T ត្រូវបានបំពាក់ដោយឈីប MediaTek Dimensity 8100 Ultra ជាមួយជម្រើសរ៉េម 8GB និងជម្រើសទំហំផ្ទុក 128GB ឬ 256GB រីឯម៉ូឌែលកំពូល Xiaomi 12T Pro ត្រូវបានប្រើប្រាស់ឈីប Qualcomm Snapdragon 8+ Gen 1 ជាមួយជម្រើសរ៉េម 8GB ឬ 12GB និងជម្រើសទំហំផ្ទុក 128GB ឬ 256GB ដូចគ្នា។ ស្មាតហ្វូនទាំង 2 ស៊េរីថ្មីៗនេះ សុទ្ធតែមានថាមពលថ្មទំហំ 5,000mAh ជាមួយបច្ចេកវិទ្យា 120W ដោយ Xiaomi អះអាងថា នឹងអាចបញ្ចូលថ្មបាន 100% ក្នុងរយៈពេលត្រឹមតែ 19 នាទីប៉ុណ្ណោះ។

ពួកវាមានកាមេរ៉ាក្រោយចំនួន 3 គ្រាប់ដូចគ្នា រួមជាមួយលេន Ultra-Wide ទំហំ 8MP និងលេន Macro ទំហំ 2MP ដូចគ្នា។ ស្របនឹងពេលដែល Xiaomi 12T មានកាមេរ៉ាគោល 108MP ដោយឡែក Xiaomi 12T Pro មានកាមេរ៉ាគោលទំហំធំបំផុតរហូតដល់ 200MP ឯណោះ។ ចំពោះការថតវីដេអូវិញ Xiaomi 12T អាចថតបានកម្រិត 1080p@60FPS ឬ 4K@30FPS និងម៉ូឌែល Xiaomi 12T Pro អាចថតបានកម្រិត 1080p@60FPS ឬ 4K@60FPS រហូតដល់ទៅ 8K@24FPS ផងដែរ។

បន្ទះអេក្រង់ដូចគ្នាត្រូវបានបំពាក់នៅលើ Xiaomi 12T Series ទាំងអស់ ដែលជាអេក្រង់ AMOLED មានទំហំ 6.67” ជាមួយកម្រិត Refresh Rate 120Hz និងមានគុណភាព 1.5K (1220x2712p)។ លើសពីនេះ វាក៏មានគាំទ្របច្ចេកវិទ្យា HDR10+ និង Dolby Vision ហើយត្រូវបានការពារដោយកញ្ចក់ Gorilla Glass Victus នៅពីលើបន្ទះអេក្រង់ និងកាមេរ៉ាខាងមុខទំហំ 20MP នៅខាងលើនោះដែរ។


Xiaomi 12T មានតម្លៃចាប់ផ្ដើមពីខ្ទង់ 596 ឡើងទៅ ខណៈពេលដែល Xiaomi 12T Pro មានតម្លៃចាប់ផ្ដើមពីខ្ទង់ 747 ដុល្លារឡើងទៅ។

ប្រភព ៖ Xiaomi
អត្ថបទទាក់ទង