តើអ្នកគ្រោងនឹងបង់ YouTube Premium ដែរឬទេ ប្រសិនបើមាននៅក្នុងប្រទេសយើង?
ដោយ​ ៖ ឡេង | 2 ខែមុន SHARE

 

Google បានបញ្ចេញសេវាកម្ម YouTube Premium កាលពីអំឡុងឆ្នាំ 2014 ជាមួយនឹងតម្លៃខ្ទង់ 11.99 ដុល្លារក្នុងមួយខែ ដោយសន្យាថានឹងផ្ដល់ជូនបទពិសោធន៍ល្អបំផុត នៅលើវេបសាយ YouTube របស់ខ្លួន។ រហូតមកដល់ពេលថ្មីៗនេះ Google ក៏បានបន្ថែម Ads ផ្ទាំងពាណិជ្ជកម្មកាន់តែច្រើននៅលើ YouTube ដើម្បីជំរុញឲ្យបង់សេវាកម្ម YouTube Premium តែម្ដង ប៉ុន្ដែសេវាកម្មប្រចាំខែនេះ នៅមិនទាន់មាននៅប្រទេសយើងនៅឡើយទេ។

ក្រៅពីការបន្ថែមផ្ទាំងពាណិជ្ជកម្មហើយ កាលពីពេលថ្មីៗនេះ ក៏ត្រូវបានគេប្រទះឃើញថា Google កំពុងមានគម្រោងឈប់ឲ្យអ្នកប្រើប្រាស់មើលវីដេអូ 2160p 4K ដោយឥតគិតថ្លៃតទៅទៀតហើយ លុះត្រាតែអ្នកបង់សេវាកម្ម YouTube Premium ទើបអាចមើលបានដូចធម្មតាវិញ។

គួរបញ្ជាក់ផងថា អ្នកបានចុះឈ្មោះបង់សេវាកម្ម YouTube Premium ហើយ នឹងទទួលបានមុខងារពេញលេញទាំងអស់ ដូចជាលែងឃើញមានផ្ទាំងពាណិជ្ជកម្មទាំងស្រុង និងអាចទាញយកបានគ្រប់វីដេអូ ដើម្បីទុកមើលនៅពេលគ្មានអ៊ីនធើណេត។ កាន់តែពិសេស អ្នកបង់ប្រាក់ក៏អាចចាក់វីដេអូ និងស្ដាប់ចម្រៀងបានគ្រប់ទីកន្លែង ទោះបីជានៅពេលចេញពីកម្មវិធី ឬចាក់សោរទូរសព្ទក៏ដោយ។ បន្ថែមពីនេះ Google ក៏ផ្ដល់ជូនឲ្យសេវាកម្ម YouTube Music Premium នៅក្នុងកញ្ចប់តែមួយគ្នានេះ ដែលអ្នកប្រើប្រាស់អាចស្ដាប់ចម្រៀងបាន ហាក់បីដូចជា Spotify ឬក៏ Apple Music ផងដែរ។

អ៊ីចឹង ប្រសិនបើសេវាកម្មប្រចាំខែ YouTube Premium បង្ហាញវត្តមាននៅក្នុងប្រទេសយើង តើប្រិយមិត្តអ្នកអានទាំងអស់គ្នា នឹងមានគម្រោងបង់ដែរឬក៏អត់ទេ? ឬក៏គិតថាកម្មវិធី YouTube សព្វថ្ងៃនេះ នៅតែគ្រាន់អាចប្រើប្រាស់បាន ហើយមិនសូវរំខានខ្លាំងនោះទេ?

ប្រភព ៖ Google
អត្ថបទទាក់ទង