DxOMark បានដាក់ឲ្យ iPhone 14 Pro ជាប់ចំណាត់ថ្នាក់លេខ 2 លើតារាងកំពូល
ដោយ​ ៖ ឡេង | 2 ខែមុន SHARE

 

កាលពីពេលថ្មីៗកន្លងទៅនេះ DxOMark បានត្រឡប់មកវិញហើយ ជាមួយនឹងពិន្ទុសម្រាប់ការតេស្ដកាមេរ៉ារបស់ iPhone 14 Pro ជាមួយនឹងចំនួន 146 ពិន្ទុ ដែលធ្វើឲ្យជាប់ចំណាត់ថ្នាក់លេខ 2 នៅលើតារាងកំពូលរបស់ពួកគេ។ DxOMark ប្រទះឃើញថា កាមេរ៉ារបស់ iPhone 14 Pro ក៏ដូចជា 14 Pro Max គឺធ្វើបានល្អប្រសើរបានច្រើនកន្លែង ប៉ុន្ដែក៏នៅមានចំណុចខ្វះខាតបន្ដិចបន្ដួចដូចគ្នា។

បើយោងទៅតាមការធ្វើតេស្ដនេះ បានចង្អុលបង្ហាញឲ្យឃើញថា iPhone 14 Pro មានសមត្ថភាពធ្វើឲ្យរូបភាព និងវីដេអូ មានពណ៌ដិតស្រស់ ហើយផ្ដល់ជូនពណ៌ស្បែកបែបធម្មជាតិ ដូចគ្នាទាំង 2 តែម្ដង។ លើសពីនេះ វាក៏អាចថតមកបានកម្រិតគុណភាពច្បាស់ ដោយសារតែសេនស័រថ្មី 48MP ព្រមទាំងគ្រប់គ្រងពន្លឺបានល្អ ទាំងផ្នែក Dynamic Range និងផ្នែក Contrast ផងដែរ។

ក្រៅពីនេះទៀត DxOMark ក៏បានសរសើរទៅលើផ្នែកចាប់ Focus បានលឿន, សមត្ថភាពអាចពង្រីក Zoom ទៅឆ្ងាយ បានច្បាស់ជាងមុន, ទប់លំនឹងបានល្អ នៅពេលថតវីដេអូ ហើយបន្ថែមផ្ទៃព្រិលខាងក្រោយ Bokeh Effect ក៏មើលទៅដូចធម្មជាតិ។

ចំណែកឯចំណុចខ្វះខាតវិញ គឺស្ថិតនៅពេលថតរូបភាព នៅកន្លែងខាងក្នុង Indoor ដែលភាគច្រើនមានបង្ហាញគ្រាប់ពន្លឺ Noise បន្ដិច ហើយនៅកន្លែងមានពន្លឺ​ស្មុគស្មាញច្រើន ផ្ទៃពណ៌ស White Balance ក៏អាចបង្ហាញមកមិនសូវត្រឹមត្រូវម្ដងម្កាល ជាដើម។

ហេតុនេះហើយ DxOMark ក៏ដាក់ឲ្យ iPhone 14 Pro ជាប់ចំណាត់ថ្នាក់លេខ 2 និងនៅបន្ដឲ្យ Honor Magic4 Ultimate ជាប់ចំណាត់ថ្នាក់លេខ 1 លើតារាងកំពូលរបស់ពួកគេដដែល។ ជាការពិតណាស់ ទាំងអស់នេះគ្រាន់តែជាមតិយោបល់ និងជាការផ្ដល់ពិន្ទុដោយ DxOMark ប៉ុណ្ណោះ ដោយអ្នកប្រើប្រាស់ម្នាក់ៗ ក៏អាចមានចំណង់ចំណូលចិត្ត និងអាចមានគំនិតខុសៗគ្នាមិនខាន។

***ដើម្បីចូលទៅកាន់វេបសាយ DxOMark សរសេរអំពី iPhone 14 Pro សូមចុចត្រង់នេះ

ប្រភព ៖ DxOMark
អត្ថបទទាក់ទង