ស៊ីភីយូ Intel ជំនាន់ទី 13 ប្រកាសផ្លូវការ ជាមួយចំនួនផ្ទុកឡើងដល់ 24-Cores និងល្បឿន 5.8GHz
ដោយ​ ៖ ឡេង | 2 ខែមុន SHARE

 

ទីបំផុត Intel បានប្រកាសចេញស៊ីភីយូជំនាន់ទី 13 របស់ខ្លួនជាផ្លូវការហើយ ដោយជាស៊ីភីយូសម្រាប់កុំព្យូទ័រលើតុ Desktop និងមានឈ្មោះហៅថា Raptor Lake ផងដែរ។ ចំពោះបច្ចេកវិទ្យានៅលើស៊ីភីយូ Intel 13th-Gen គឺនៅប្រើប្រាស់ប្រភេទ Intel 7 Process ទំហំ 10nm ដដែល ប៉ុន្ដែផ្ដល់ជូនកម្លាំងមុនអន់ជាងគូប្រជែងឡើយ។

ចំពោះជម្រើសស៊ីភីយូ Intel Core i9-13900K ត្រូវបានផ្ទុកនូវចំនួន 24 Cores និងអាចប្រឹងឡើងរហូតដល់ 5.8GHz ឯណោះ ជាមួយបច្ចេកវិទ្យា Max Turbo បើប្រៀបធៀបទៅនឹង i9-12900K កាលពីជំនាន់មុន ដែលមានផ្ទុកនូវចំនួន 16 Cores និងអាចប្រឹងបានដល់ 5.2GHz។ Intel បានលើកឡើងមកថា ផ្នែក Single-Core របស់ Core i9-13900K គឺមានល្បឿនលឿនជាងមុនខ្ទង់ 15% និងផ្នែក Multi-Core មានល្បឿនលឿនជាងមុន 41% ដែលជាជំនួយខ្លាំងលើការ Render វីដេអូ និងកម្មវិធី 3D ផ្សេងៗដទៃទៀត។

លើសពីនេះ Intel ក៏បានអះអាងទៀតថា 13900K អាចដំណើរការលឿនជាង 12900K ចំនួន 27% លើផ្នែកប្រើប្រាស់កម្មវិធីច្រើនក្នុងពេលតែមួយ ដើម្បីបង្កើត Content ដូចជាប្រើប្រាស់កម្មវិធី Adobe Media Encoder និង Photoshop ជាដើម។ ចំណែកឯការប្រើប្រាស់កម្មវិធីធំៗដូចជា Blender និង Unreal Engine វិញ Intel បាននិយាយប្រាប់ថា វាដំណើរការបានលឿនជាងជំនាន់មុនខ្ទង់ 34% ឯណោះ។

ទាំងអស់នេះជាអ្វីដែលយើងបានដឹងអំពី ស៊ីភីយូជំនាន់ទី 13 របស់ Intel ដោយការប្រៀបធៀបគ្នាជាមួយស៊ីភីយូ AMD នឹងអាចបានដឹងបន្ដបន្ទាប់ទៀត នៅពេលដែលពួកវាបានចេញលក់លើទីផ្សារ។ Intel បានបញ្ជាក់ប្រាប់ដូចគ្នាថា ស៊ីភីយូជំនាន់ទី 13 របស់ពួកគេ នឹងចាប់ផ្ដើមដាក់លក់លើទីផ្សារ នៅក្នុងអំឡុងពេលដើមឆ្នាំ 2023 តទៅ។

ប្រភព ៖ Intel
អត្ថបទទាក់ទង