ក្រាហ្វិកកាត NVIDIA GeForce RTX 4090 និង 4080 ត្រូវបានប្រកាសចេញជាផ្លូវការហើយ
ដោយ​ ៖ ឡេង | 2 សប្ដាហ៍មុន SHARE

 

ទីបំផុត NVIDIA បានធ្វើការប្រកាសចេញ ក្រាហ្វិកកាតកំពូលជំនាន់ថ្មីជាផ្លូវការ សម្រាប់កុំព្យូទ័រលើតុហើយ ជាមួយនឹងម៉ូឌែល GeForce RTX 4090 និង 4080 ផងដែរ។ ដោយនៅពេលលើកនេះ NVIDIA ដាក់លក់ក្រាហ្វិកកាតត្រកូល GeForce RTX 40 Series នៅក្នុងតម្លៃដើមចាប់ផ្ដើមពី 899 ដុល្លារឡើងទៅ។

ចំពោះក្រាហ្វិកកាត GeForce RTX 4090 គឺមានចំនួន VRAM សរុបរហូតដល់ទៅ 24GB ឯណោះ ជាប្រភេទ G6X និងត្រូវបាន NVIDIA អះអាងថា វាមានកម្លាំងខ្លាំងជាង RTX 3090 Ti ពី 2 ដង រហូតដល់ទៅ 4 ដងតែម្ដង។ ចំណែកឯក្រាហ្វិកកាត RTX 4080 វិញ ជាមួយនឹងជម្រើស VRAM ចំនួន 12GB និងចំនួន 16GB ជាប្រភេទ G6X ហើយក៏អះអាងមកថា វាមានល្បឿនលឿនជាង RTX 3080 Ti ចាប់ពី 2 ដង ទៅ 4 ដងដូចគ្នា។ អ្វីដែលកាន់តែពិសេស នោះគឺជាការនាំយកនូវ មុខងារជំនាន់ថ្មី DLSS 3.0 ដើម្បីជួយបន្ថែមចំនួន Frame Rate បានកាន់តែច្រើន ហើយក៏មិនសូវបាត់បង់គុណភាព របស់ក្រាហ្វិកហ្គេមទៀត ដែលមានតែនៅលើត្រកូល RTX 40 Series ប៉ុណ្ណោះ។

គួរបញ្ចាក់ផងថា ក្រាហ្វិកកាតត្រកូល GeForce RTX 40 Series ត្រូវបានបង្កើតឡើងដោយ Ada Lovelace Architecture ជាបច្ចេកវិទ្យាថ្មី។ ខណៈពេលដែល RTX 4080 មានតម្លៃខ្ទង់ 899 ដុល្លារ (VRAM 12GB) ក៏ដូចជាមានតម្លៃខ្ទង់ 1,199 ដុល្លារ (VRAM 16GB) នឹងមានលក់ចាប់ផ្ដើមពីអំឡុងខែវិច្ឆិកា ឆ្នាំ 2022 តទៅ ដោយឡែក RTX 4090 មានតម្លៃខ្ទង់ 1,599 ដុល្លារ និងដាក់លក់ចាប់ពីថ្ងៃទី 12 ខែតុលា ឆ្នាំ 2022 តទៅ។

ប្រភព ៖ NVIDIA
អត្ថបទទាក់ទង