Apple បានកែផ្នែកខាងក្នុងរបស់ iPhone 14 ដើម្បីឲ្យងាយស្រួលដោះជួសជុលជាងមុន
ដោយ​ ៖ ឡេង | 2 សប្ដាហ៍មុន SHARE

 

iFixit ជាក្រុមហ៊ុនជំនាញខាងផ្នែកជួសជុលមួយ បានធ្វើការសាកល្បងដោះគ្រឿងម៉ាស៊ីនរបស់ iPhone 14 និងបានប្រទះឃើញថា គឺមានភាពងាយស្រួល ជាងជំនាន់មុនៗទៅទៀត។ រហូតដល់ពួកគេបានលើកឡើងមកថា មិនធ្លាប់ឃើញងាយស្រួលបែបនេះ តាំងពីជំនាន់ iPhone 7 មកម្ល៉េះ។

ទោះបីជារូបរាងខាងក្រៅរបស់ iPhone 14 មិនខុសគ្នាពីជំនាន់មុនៗពិតមែនក្ដី ប៉ុន្ដែផ្នែកខាងក្នុងរបស់វាវិញ គឺត្រូវបាន Apple កែច្នៃឡើងវិញតែម្ដង។ ក្រុមការងារ iFixit បាននិយាយប្រាប់ថា លើកនេះកញ្ចក់ខ្នងខាងក្រោយរបស់ iPhone 14 គឺមានភាពងាយស្រួលដោះចេញជាងមុន និងចំណោយថ្លៃជួសជុលតិចជាងមុន។ លើសពីនេះ សម្រាប់ផ្នែករន្ធបំពងសំឡេងនៅខាងលើ និងកាមេរ៉ា Selfie ខាងមុខ ក៏ត្រូវបានកែឲ្យងាយស្រួលដោះដូរជាងមុនដូចគ្នា។ ចំពោះមូលហេតុដែល Apple សម្រេចធ្វើបែបនេះ ក៏ដោយសារតែធ្លាប់មាន ការព្រមានពីរដ្ឋាភិបាល កាលពីពេលមុនៗមក អំពីការធ្វើឲ្យផលិតផលរបស់ពួកគេ ឲ្យកាន់តែយ៉ាប់ជួសជុលទៅៗផងដែរ។ មួយវិញទៀត Apple ក៏ចាប់ផ្ដើមដាក់លក់ឧបករណ៍ សម្រាប់ឲ្យអ្នកប្រើប្រាស់ ធ្វើការជួសជុលដោយខ្លួនឯងដូចគ្នាដែរ។

ទោះបីជាយ៉ាងណាក៏ដោយ នៅរៀងរាល់ពេលដោះដូរជួសជុលរួចហើយ Apple នឹងត្រូវធ្វើការត្រួតពិនិត្យឡើងវិញ តាមរយៈកម្មវិធី Software ទៀត។ ប្រសិនបើគ្រឿងដែលអ្នកបានដូរនោះ មិនត្រូវបានទទួលស្គាល់ដោយក្រុមហ៊ុនទេ ដូច្នេះ iPhone នឹងលោតចេញផ្ទាំងមួយបញ្ជាក់ថា អ្នកបានប្រើប្រាស់គ្រឿងមិនមែនរបស់ Apple ហើយផ្អាក់មិនឲ្យអ្នកបន្ដប្រើ iPhone មួយនោះទៀតទេ។

ប្រភព ៖ iFixit
អត្ថបទទាក់ទង