ទាំងអស់នេះជាគុណសម្បត្តិ និងគុណវិបត្តិនៃការប្រើប្រាស់ eSIM ទាំងស្រុង
ដោយ​ ៖ ឡេង | 3 សប្ដាហ៍មុន SHARE

 

អ្នកភាកច្រើនបានដឹងរួចមកហើយថា Apple បានដករន្ធដាក់ស៊ីមចេញពី iPhone 14 Series សម្រាប់ដាក់លក់នៅសហរដ្ឋអាមេរិកហើយ លេខកូដ LL/A ដោយតម្រូវឲ្យប្រើប្រាស់ eSIM លើស៊ីមទាំង 2 តែម្ដង។ ទាល់តែអ្នករកទិញ iPhone 14 Series មានលេខកូដប្រទេសផ្សេង ទើបអាចនៅដាក់ប្រើស៊ីមកាតធម្មតាបាន។ ទាំងអស់នេះជាគុណសម្បត្តិ និងគុណវិបត្តិនៃការប្រើប្រាស់ eSIM សុទ្ធ ហើយក៏អាចជាមូលហេតុដែល Apple សម្រេចចិត្តធ្វើបែបនេះដូចគ្នា។

មុននឹងចូលដល់គុណសម្បត្តិ យើងអាចមកដឹងពីគុណវិបត្តិ លើការប្រើប្រាស់ eSIM ទាំងស្រុងសិនបាន ដោយបញ្ហាចម្បងនោះគឺថា អ្នកប្រើប្រាស់នឹងពិបាកប្ដូរទៅទូរសព្ទផ្សេងមួយទៀត។ ឧទាហរណ៍ថា អ្នកចង់ប្ដូរទៅប្រើទូរសព្ទ Android ប៉ុន្ដែទូរសព្ទម៉ូឌែលមួយនោះ នៅមិនទាន់មានគាំទ្រ eSIM នោះទេ ដូច្នេះយើងត្រូវទៅក្រុមហ៊ុន ដើម្បីបើកស៊ីមថ្មីទៀត។ លើសពីនេះ Apple អនុញ្ញាតឲ្យអ្នកប្រើប្រាស់ ធ្វើការផ្ទេរ eSIM ពី iPhone មួយ ទៅ iPhone មួយទៀតបានយ៉ាងងាយស្រួល។ យ៉ាងណាក៏ដោយ ចំពោះអ្នកចង់ប្ដូរ eSIM ពី iPhone ទៅទូរសព្ទ Android គឺត្រូវទៅក្រុមហ៊ុនស៊ីមកាតដោយផ្ទាល់ ដើម្បីតភ្ជាប់ឡើងវិញម្ដងទៀត។

ដូច្នេះការប្រើប្រាស់ eSIM ទាំងស្រុង នឹងធ្វើឲ្យអ្នកប្រើប្រាស់ពិបាកប្ដូរទៅប្រើទូរសព្ទ Android វិញ នៅក្នុងពេលបច្ចុប្បន្ននេះ លុះត្រាតែក្រុមហ៊ុន Android ដាក់បន្ថែមមុខងារ eSIM ឲ្យបានគ្រប់ទូរសព្ទ ឬក៏ងាយស្រួលផ្ទេរ eSIM រវាងទូរសព្ទ Android និង iPhone បាន។ គួរបញ្ជាក់ផងថា ប្រសិនបើអ្នកធ្វើដំណើរទៅប្រទេសផ្សេង ក៏នឹងតម្រូវឲ្យប្រើប្រាស់ប្រព័ន្ធ Roaming តែម្ដង ពីព្រោះម្ចាស់ iPhone 14 Series មិនអាចដាក់ស៊ីមធម្មតាបាន ហើយភាគច្រើនការទិញស៊ីមកាតធម្មតា ងាយស្រួលជាងការរកទិញ eSIM មកប្រើនៅប្រទេសក្រៅ។ ដោយទាល់តែ eSIM មានភាពធំទូលាយ នៅក្នុងប្រទេសមួយនោះសិន។

ឥឡូវចូលមកដល់គុណសម្បត្តិរបស់ eSIM វិញម្ដង នោះគឺផ្នែកប្រព័ន្ធសុវត្ថិភាព ព្រោះបន្ទាប់ពីទូរសព្ទរបស់អ្នក ត្រូវបានគេលួចឬក៏បាត់ ដូច្នេះស៊ីមរបស់អ្នក នឹងមិនអាចឲ្យគេដោះចេញ យកមកប្រើបាននោះទេ ព្រោះវាជាប់នៅក្នុងឈីបទៅហើយ។ មួយវិញទៀត ការប្រើប្រាស់ eSIM អាចឲ្យអ្នកប្រើប្រាស់ ងាយស្រួលផ្លាស់ប្ដូរពី ស៊ីមរបស់ក្រុមហ៊ុនមួយ ទៅស៊ីមរបស់ក្រុមហ៊ុនមួយទៀត ដោយគ្រាន់តែចុចជ្រើសរើសយកក្នុងទូរសព្ទប៉ុណ្ណោះ។ វាអាចជួយកាត់បន្ថយអត្រាហេតុ ដែលអាចបណ្ដាលឲ្យបាត់ស៊ីម នៅពេលអ្នកមិនបានរក្សាទុកដាក់បានល្អ។ ទោះបីជា eSIM អាចបើកដំណើរការបានតែ 1 ទៅ 2 ស៊ីមក្នុងពេលតែមួយមែន ប៉ុន្ដែអ្នកប្រើប្រាស់អាចផ្ទុក eSIM បានច្រើននៅក្នុងទូរសព្ទមួយ ដើម្បីអាចឲ្យឆ្លាស់បើកប្រើ ទៅវិញទៅមកបានលឿន។ ចំពោះក្រុមហ៊ុនផលិតទូរសព្ទវិញ ក៏អាចចំណេញកន្លែងក្នុងម៉ាស៊ីន បន្ទាប់ពីដករន្ធស៊ីមកាតចោលបែបនេះ ដើម្បីយកទៅបន្ថែមទំហំថាមពលថ្ម ឬក៏បន្ថែមឈីបជំនួយផ្សេងៗផងដែរ។

អ៊ីចឹង តើប្រិយមិត្តអ្នកអានទាំងអស់គ្នា យល់ឃើញយ៉ាងណាដែរ ចំពោះការប្រើប្រាស់ eSIM ទាំងស្រុង?

ហើយបើអ្នកមិនទាន់ចង់ប្រើ eSIM នោះទេ ហើយកំពុងមានគម្រោងរកទិញ iPhone 14 Series មកប្រើ ដូច្នេះគួរជៀសវាងម៉ូឌែលលេខកូដអាមេរិក LL/A ហើយរកមើលលេខកូដ របស់ប្រទេសផ្សេងវិញបាន។

ប្រភព ៖ Cambo Report
អត្ថបទទាក់ទង