iPhone 14 Series ចេញជាផ្លូវការ ប្រើ eSIM ទាំងស្រុង និងអាចភ្ជាប់ទៅកាន់ផ្កាយរណបបាន
ដោយ​ ៖ ឡេង | 4 សប្ដាហ៍មុន SHARE

 

មុននេះបន្ដិច Apple បានប្រកាសចេញ iPhone 14 Series ជាផ្លូវការហើយ រួមមានទាំង iPhone 14 ធម្មតា, iPhone 14 Plus, iPhone 14 Pro និង 14 Pro Max ផងដែរ ដោយលែងមានម៉ូឌែល mini ពិតមែន។ លើសពីនេះ យើងក៏មានវត្តមានរបស់ AirPods Pro 2nd Gen, Apple Watch Series 8, Apple Watch Ultra, Apple Watch SE និងផលិតផលថ្មីៗផ្សេងៗទៀត។ សម្រាប់អត្ថបទនៅខាងក្រោមនេះ អ្នកទាំងអស់គ្នា នឹងស្វែងយល់ពីលក្ខណៈសម្បត្តិគោលៗ ក៏ដូចជាចំណុចពិសេសៗរបស់ iPhone 14 Series ផងដែរ។

ការឌីហ្សាញ

iPhone 14 និង iPhone 14 Plus នៅប្រើប្រាស់ថ្ងាស់ឆកដដែល ជាមួយការរូបរាងស្រដៀងគ្នាទៅ iPhone 13 ស្ទើរតែទាំងស្រុងទៅហើយ ដោយមានជម្រើស 5 ពណ៌ ជាមួយជម្រើសពណ៌ខៀវថ្មី។

ដោយឡែក iPhone 14 Pro និង iPhone 14 Pro Max ទើបទទួលបានម៉ូតសក់ថ្មី ជាមួយម៉ូតកាមេរ៉ាទម្លុះអេក្រង់ មានរាងវែង  ហាក់បីដូចជាដំណឹងលេចធ្លាយពិតមែន។ ចំពោះម៉ូឌែល Pro/Pro Max ទាំង 2 នេះ ទទួលបានជម្រើសពណ៌ចំនួន 4 និងជាពិសេសជម្រើសពណ៌ស្វាយងងឹតថ្មី។

អេក្រង់

បើទៅលើផ្នែកបន្ទះអេក្រង់វិញ iPhone 14 មានទំហំ 6.1” រីឯ iPhone 14 Plus មានទំហំ 6.7” សុទ្ធតែប្រើប្រាស់អេក្រង់ 60Hz Refresh Rate ដដែល។

សម្រាប់ iPhone 14 Pro មានអេក្រង់ទំហំ 6.1” រីឯ iPhone 14 Pro Max មានទំហំ 6.7” ជាអេក្រង់មានកម្រិត Refresh Rate ខ្ពស់ 120Hz ProMotion ជាមួយគែមអេក្រង់ខ្លីបំផុត និងទីបំផុត ពួកវាក៏មានមុខងារ Always-on Display ថែមទៀតផង។

កម្លាំងម៉ាស៊ីន

លើកនេះ Apple បានសម្រេចចិត្តដាក់ឈីប A15 Bionic (5nm) ឲ្យម៉ូឌែល iPhone 14 និង iPhone 14 Plus ដែលជាឈីបដូចគ្នានឹងម៉ូឌែល iPhone 13 Pro/Pro Max ផងដែរ។ ទាល់តែ iPhone 14 Pro និង iPhone 14 Pro Max ទើបទទួលបានឈីប A16 Bionic (4nm) ជំនាន់ថ្មី ។

ថាមពលថ្ម

Apple មិនបានបញ្ជាក់ច្បាស់អំពី ចំនួនថាមពលថ្មនោះទេ ដោយគ្រាន់តែប្រាប់ឲ្យដឹងថា iPhone 14 និង iPhone 14 Plus កាន់ថ្មបានយូរជាងមុន ប្រហាក់ប្រហែល iPhone 13 Pro Max ដែរ។ ចំពោះ iPhone 14 Pro និង iPhone 14 Pro Max កាន់ថ្មបានកាន់តែយូរជាងហ្នឹងទៀត ប៉ុន្ដែ Apple ក៏មិនបានបញ្ជាក់ឲ្យច្បាស់ដូចគ្នា។

កាមេរ៉ា

Apple មិនទាន់បោះបង់កាមេរ៉ា 12MP នោះទេ ដោយលេនគោល និងលេន Ultra-Wide នៅលើម៉ូឌែល iPhone 14 និង iPhone 14 Plus នៅមានទំហំ 12MP ដដែល ប៉ុន្ដែត្រូវបានបំពាក់សេនស័រក្នុងធំជាងមុន ធ្វើឲ្យពួកវាមានសមត្ថភាពថតបានច្បាស់ជាងមុន, ភ្លឺល្អជាងមុននៅកន្លែងងងឹត និងអាចថតវីដេអូបាននឹងល្អប្រសើរជាងមុន។

iPhone 14 Pro និង iPhone 14 Pro Max ទទួលបានកាមេរ៉ាគោលថ្មី 48MP (24mm Focus Length) មានសេនស័រក្នុងទំហំធំជាង 13 Pro/Pro Max ដោយប្រើប្រាស់ OIS Sensor Shift 2.0 ជួយទប់លំនឹងបានកាន់តែល្អជាងមុន។ ក្រៅពីនេះ ជាលេន Ultra-Wide ទំហំ 12MP + លេន Telephoto ទំហំ 12MP ពង្រីក Optical បាន 2x ដោយ Apple ថា ពួកវាត្រូវបានពង្រឹងឲ្យល្អប្រសើរជាងមុនទាំងអស់។

ចំណែកឯកាមេរ៉ាមុខរបស់ iPhone 14 Series ទាំងអស់ ក៏ត្រូវបានពង្រឹងថ្មីដូចគ្នា ដោយបន្ថែមមុខងារ Autofocus ធ្វើឲ្យការថត Selfie ចាប់បានកាន់តែច្បាស់ជាងមុន និងអាចថតនៅកន្លែងងងឹតបានភ្លឺជាងមុន។

មុខងារថ្មីៗ

iPhone 14 Series ដាក់លក់នៅសហរដ្នអាមេរិក នឹងប្រើប្រាស់ eSIM ទាំងស្រុង ដោយលែងមានកន្លែងដាក់ស៊ីមតទៅទៀតហើយ។

មុខងារភ្ជាប់ទៅកាន់ផ្កាយរណប ពិតជាមុខងារថ្មីប្លែកមួយ មិនទាន់សូវមានក្រុមហ៊ុន យកមកប្រើប្រាស់ច្រើននៅឡើយទេ។ Apple បានហៅមុខងារនេះថា Emergency SOS (Satellite) សម្រាប់ពេលមានសង្គ្រោះបន្ទាន់ប៉ុណ្ណោះ នឹងដាក់ឲ្យប្រើប្រាស់ដោយឥតគិតថ្លៃ ក្នុងរយៈពេល 2 ឆ្នាំដំបូង សម្រាប់ iPhone 14 Series នៅសហរដ្ឋអាមេរិក និងកាណាដា។

មុខងារ Crash Detection អាចសម្គាល់ដឹងថាយើងកំពុងមានគ្រោះថ្នាក់ចរាចរណ៍ និងជួយតេទៅរកជំនួយបានដោយស្វ័យប្រវត្តិ។

ទីបំផុតមុខងារ Always-on Display បានបង្ហាញជាផ្លូវការហើយ ​ប៉ុន្ដែមានតែនៅលើម៉ូឌែល iPhone 14 Pro និង 14 Pro Max ប៉ុណ្ណោះ។

ថ្ងាស់ទម្លុះអេក្រង់នៅលើ iPhone 14 Pro និង 14 Pro Max ត្រូវបាន Apple ដាក់ឈ្មោះឲ្យថា “Dynamic Island” ដែលអាចផ្លាស់ប្ដូររូបរាង ក៏ដូចជាទំហំរបស់វា ទៅតាមមុខងារនិងកម្មវិធីកំពុងប្រើប្រាស់បាន។

តម្លៃដាក់លក់នៅសហរដ្ឋអាមេរិក

iPhone 14 មានតម្លៃចាប់ផ្ដើមពី 799 ដុល្លារឡើងទៅ

iPhone 14 Plus មានតម្លៃចាប់ផ្ដើមពី 899 ដុល្លារឡើងទៅ

iPhone 14 Pro មានតម្លៃចាប់ផ្ដើមពី 999 ដុល្លារឡើងទៅ

iPhone 14 Pro Max មានតម្លៃចាប់ផ្ដើមពី 1099 ដុល្លារឡើងទៅ

Apple នឹងដាក់លក់ក្នុងពេលឆាប់ៗខាងមុខនេះតទៅហើយ ដោយត្រូវរង់ចាំប្រហែលមួយរយៈ គឺអាច 2 សប្ដាហ៍ទៅ 1 ខែទៀត ទើបបានមកដល់ទីផ្សារស្រុកយើងពេញលេញ ហើយតម្លៃប្រាកដជាប្រែប្រួល ជាក់ជាមិនខានឡើយ។

សម្រាប់មតិរបស់ខ្ញុំផ្ទាល់ទៅលើ iPhone 14 Series ខ្ញុំគិតថា ទាំងអស់នេះមិនសូវជា ការពង្រឹងដ៏ចាំបាច់នោះទេ ដោយគ្រាន់ជាការពង្រឹងបន្ថែម សម្រាប់អ្នកចង់បានកាមេរ៉ាគ្រាន់បើជាងមុន និងអ្នកចង់ប្ដូររសជាតិថ្មី ទៅសាកល្បងមើលលេនទម្លុះអេក្រង់វិញម្ដង។ អ្នកកំពុងតែប្រើប្រាស់ iPhone 13 Series អាចមិនទាន់ឡើងស៊េរីក៏បាន ដោយអាចរង់ចាំមើល iPhone 15 Series នៅឆ្នាំក្រោយទៀតក៏បាន ដែលអាចនឹងប្រើប្រាស់រន្ធ USB C ជាលើកដំបូង។ យ៉ាងណាមិញ សម្រាប់អ្នកកំពុងប្រើ iPhone ស៊េរីមុនៗទៀត ឬចង់ប្ដូរមកប្រើ iPhone វិញម្ដង ក៏អាចរកមើលម៉ូឌែល iPhone 14 Pro ដែលខ្ញុំគិតថាជាជម្រើសស័ក្ដិសមជាងគេ ទាំងអេក្រង់ខាងមុខខុសប្លែកពីមុន និងមានលក្ខណៈសម្បត្តិកំពូលផងដែរ។ ចុះប្រិយមិត្តអ្នកអានវិញ តើយល់ឃើញយ៉ាងណាដែរ?

ប្រភព ៖ Apple
អត្ថបទទាក់ទង