នេះអាចជារូបរាងរបស់ Apple Watch Pro ជាមួយការបន្ថែមប៊ូតុងថ្មីទៀតផង
ដោយ​ ៖ ឡេង | មួយខែមុន SHARE

 

នៅថ្ងៃទី 7 ខែកញ្ញា ឆ្នាំ 2022 ឆាប់ៗនេះ Apple គ្រោងនឹងប្រកាសចេញ iPhone 14 Series ហើយ និងបូករួមទាំងផលិតផលផ្សេងៗទៀត ដូចជាកាស Airpods Pro 2 និង Apple Watch Series 8 ក៏អាចនឹងចេញជាមួយគ្នាដែរ។ ឈានចូលមកដល់ពេលថ្មីៗនេះ ក៏មានរូបភាពគូសតាម CAD បង្ហាញពីការឌីហ្សាញរបស់ Apple Watch Pro ឬ Apple Watch Series 8 Pro ជាមួយនឹងតួខ្លួនមានការការពារច្រើនជាងមុន និងបន្ថែមប៊ូតុងចុចថែមទៀតផង។

ប្រសិនបើរូបភាពនេះត្រឹមត្រូវមែន ដូច្នេះមានន័យថា នៅចំហៀងខាងឆ្វេង នឹងឃើញមានប៊ូតុងថ្មីមួយទៀត បូករួមនឹងរន្ធ Speaker កែច្នៃថ្មី។ ចំណែកឯនៅចំហៀងខាងស្ដាំ នៅឃើញមានគ្រាប់បង្វិល Digital Crown និងប៊ូតុងមួយដដែល គ្រាន់តែហាក់បីដូចជា មានស៊ុមការពារជុំវិញតែម្ដង។ សូម្បីតែលោក Mark Gurman ជាអ្នកចែករំលែកដំណឹងលេចធ្លាយល្បីឈ្មោះម្នាក់ ក៏បានអះអាងថា នេះជាការឌីហ្សាញពិតប្រាកដមែន។ គាត់ក៏បានបន្ថែមទៀតថា Apple Watch Pro នឹងមានមុខងារសន្សំថ្ម (Low-Battery Mode), មានថាមពលថ្មទំហំធំជាងម៉ូឌែលធម្មតា និងមានតួខ្លួនធ្វើឡើងមកពី ទីតាញ៉ូម ដែលរឹងមាំខ្លាំងមួយ។

ចំពោះទំហំរបស់ Apple Watch Pro នេះវិញ ទំនងជាមានទំហំ 49mm ដែលធំជាងមុនមែនទែន បើប្រៀបធៀបនឹងទំហំចន្លោះពី 45mm ទៅ 38mm ផងដែរ។ អ៊ីចឹង កុំភ្លេចរង់ចាំតាមដានទាំងអស់គ្នា នៅព្រឹត្តិការណ៍ Far Out. នៅថ្ងៃស្អែក នៅថ្ងៃទី 7 ខែកញ្ញា ឆ្នាំ 2022 សម្រាប់ព័ត៌មានផ្លូវការតែម្ដង។

ប្រភព ៖ 91Mobiles
អត្ថបទទាក់ទង