ASUS និង ROG បានបង្ហាញពីផលិតផលច្នៃប្រឌិតថ្មីៗ សម្រាប់អ្នកប្រើប្រាស់, អាជីវកម្ម និង Gaming នៅ IFA 2022
ដោយ​ ៖ ឡេង | មួយខែមុន SHARE

 

កាលពីពេលថ្មីៗនេះ ASUS បានប្រកាសចេញផលិតផលថ្មីៗជាច្រើន នៅឯព្រឹត្តិការណ៍ធំ IFA 2022 ដែលធ្វើឡើងនៅថ្ងៃទី 2 ដល់ថ្ងៃទី 6 ខែកញ្ញា ឆ្នាំ 2022 នេះ នៅក្នុងទីក្រុង Berlin ប្រទេសអាល្លឺម៉ង់។ ដោយកន្លែងស្តង់របស់ ASUS ស្ថិតនៅ Messe Venue, Hall 11.2 (Berlin ExpoCenter City, Messedamm 22, 14055 Berlin, Germany) ចន្លោះពីម៉ោង 10AM ព្រឹក ដល់ម៉ោង 6PM ល្ងាចផងដែរ។

កុំព្យូទ័រយួរដៃប្រភេទអាជីវកម្ម (Business) គឺរួមមានម៉ូឌែល ExpertBook B6 Flip មានម៉ាស៊ីនកម្លាំងខ្លាំង អាចចល័តតាមខ្លួន សម្រាប់ការងារធ្ងន់ៗ ក៏ដូចជាមានម៉ូឌែល ExpertBook B5 និង ExpertBook B5 Flip ដូចគ្នា។ ស្របនឹងពេលនោះផងដែរ Zenbook 17 Fold OLED ជាកុំព្យូទ័រយួរដៃអេក្រង់បត់ដ៏ពិសេស ក៏ត្រូវបានធ្វើការដាក់បង្ហាញ និងសម្រាប់ដាក់ឲ្យតេស្ដចុច (Hands-On) នៅក្នុងព្រឹត្តិការណ៍នេះថែមទៀតផង។

ចំពោះផលិតផលច្នៃប្រឌិតថ្មីៗផ្សេងៗទៀតរបស់ ASUS និង ROG គឺមានបញ្ចូលទាំង ROG Flow Z13 ជំនាន់ក្រោយ, Strix Scar 17 SE និង TUF Dash F15 សម្រាប់ផ្នែកកុំព្យូទ័រយួរដៃ ក៏ដូចជា ProArt Display OLED PA27DCE, ProArt Display OLED PA32DC, ZenScreen OLED MQ13AH និង ZenScreen OLED MQ16AH សម្រាប់ផ្នែកអេក្រង់ម៉ូនីទ័រ។ លើសពីនេះ ក៏រួមមានទាំង Mouse ថ្មីឈ្មោះថា ROG Strix Impact III ព្រមទាំងកុំព្យូទ័រយួរដៃត្រកូល Zenbook និង Vivobook ថ្មីៗដូចជា Zenbook 14 Duo OLED, Zenbook 16X OLED និង Vivobook 16X OLED។ ចំណែកឯ Zenfone 9 និង ROG Phone 6 Series ក៏ត្រូវបានដាក់បង្ហាញបន្ថែមដែរ។

អ្នកដែលបានចូលរួមនៅក្នុងព្រឹត្តិការណ៍ទាំងអស់ គឺត្រូវបានអញ្ជើញទៅចូលរួមមើលស្តង់ ASUS ដើម្បីទទួលបានបទពិសោធន៍ប្លែកៗ ជាមួយការធ្វើតេស្ដចុចផលិតផលថ្មីៗ ដែលរួម​មាន​កុំព្យូទ័រ​យួរដៃ, កុំព្យូទ័រលើតុ, អេក្រង់ម៉ូនីទ័រ, គ្រឿងកុំព្យូទ័រ, ឧបករណ៍បណ្តាញ Network, ផលិតផលពាណិជ្ជកម្ម, បន្ទះ Motherboards និងផ្សេងៗជាច្រើនទៀត។

កុំព្យូទ័រយួរដៃសម្រាប់អ្នកប្រើប្រាស់

Zenbook Pro 14 Duo OLED (UX8402) អនុញ្ញាតឲ្យអ្នកប្រើប្រាស់ ឬអ្នក Creators អាចបញ្ចេញគំនិតច្នៃប្រឌិតរបស់គេ ទៅដល់កម្រិតកំពូល ជាមួយលក្ខណៈសម្បត្តិជំនាន់ចុងក្រោយ។ កុំព្យូទ័រយួរដៃនេះ មានជម្រើស CPU ខ្ពស់បំផុតដល់ Intel Core i9-12900H និងជម្រើសក្រាហ្វិកកាតដាច់ NVIDIA GeForce RTX™ 3050 Ti ជាមួយកម្លាំង TDP ឡើងដល់ 85-Watt ហើយអាចកាត់បន្ថយកម្ដៅបាន​ តាមរយៈបច្ចេកវិទ្យា ASUS IceCool Plus ដែលមានរន្ធខ្យល់ចេញចូលបានល្អ។ កាន់តែពិសេស វាមានភ្ជាប់មកជាមួយអេក្រង់ទី 2 អាចថាច់ស្រ្គីនបាន ហៅថា ScreenPad™ Plus ជំនាន់ថ្មី ដែលស្ថិតនៅទីតាំងងាយស្រួលមើលឃើញ និងផ្ដល់ជូនបទពិសោធន៍ចុចប្រើប្រាស់ល្អ ថែមទៀតផង។

Zenbook S 13 Flip OLED (UP5302) ជាកុំព្យូទ័រយួរដៃទំហំ 13.3 អ៊ីញ មានតួខ្លួនប្រណិត ហើយស្ដើងបំផុតមួយ ត្រូវបានឌីហ្សាញឡើងមក សម្រាប់រាល់អ្នកប្រើប្រាស់ណាម្នាក់ ដែលមានរបៀបរស់នៅរវល់ច្រើន។ វាមានគន្លាក់បត់អេក្រង់បានមួយជុំដល់ 360 ដឺក្រេ មានឈ្មោះហៅថា ErgoLift Hinge ដែលអាចបត់ប្រើប្រាស់បានច្រើនរបៀបមែនទែន។ មិនថាជារបៀបកុំព្យូទ័រយួរដៃធម្មតា, របៀបត្រីកោណ, របៀបបញ្ឈរ ឬរបៀបជាថេប្លេតនោះទេ គឺវាមានជម្រើសឲ្យច្រើន។ Zenbook S 13 Flip OLED មានតួខ្លួនធ្វើឡើងមកពី ម៉ាញេស្យូម-អាលុយមីញ៉ូម ជាមួយកម្រាស់ស្ដើងត្រឹម 14.9mm និងកម្រាស់ស្រាលត្រឹម 1.1kg ប៉ុណ្ណោះ។ ទោះបីជាមានរូបរាងស្ដើងពិតមែន ប៉ុន្ដែវាក៏ត្រូវបានបំពាក់ដោយ CPU កម្រិតខ្ពស់ Intel Core i7 ជំនាន់ទី 12 ចុងក្រោយដូចគ្នា ដែលអាចជួយបំពេញការងារប្រចាំថ្ងៃបាន។

បន្ទាប់មកទៀត ជាកុំព្យូទ័រយួរដៃប្រើប្រាស់ CPU ជំនាន់ទី 12 របស់ Intel ដែរ ថែមទាំងមានក្រាហ្វិកកាតដាច់ NVIDIA GeForce RTX 3060 នោះគឺ Zenbook Pro 16X OLED (UX7602) ផ្ដល់ជូននូវកម្លាំងខ្ពស់មួយ ដើម្បីជួយពង្រឹងដល់ការងារយើង បាននៅគ្រប់ទីកន្លែង។ ការឌីហ្សាញបែប AAS Ultra Mechanism ដែលអាចជួយលើកក្ដារចុចទាំងមូលឡើងមកលើបន្ដិច ដើម្បីជាជំនួយដល់ការវាយអក្សរ ដោយមិនឲ្យងាយឈឺកដៃ ក្រោយពីវាយអក្សរជាប់យូរម៉ោង។ លើសពីនេះ វាក៏ជាអត្ថប្រយោជន៍ដល់ចរន្ដខ្យល់កង្ហារដូចគ្នា ដែលអាចឲ្យខ្យល់ក្ដៅ ដំណើរការចេញពីម៉ាស៊ីនបានល្អ។ ក្ដារចុចនេះចាប្រភេទ White/RGB Per-key ជាមួយប្រព័ន្ធឆ្លាតវៃ អាចដំណើរការព្រមគ្នាជាមួយមុខងារផ្សេងៗ ក៏ដូចជា ASUS Dial និងមាន Touchpad ទំហំធំ ជាមួយរំញ័រឆ្លើយតប Haptic Feedback ក្នុងការចុចបញ្ជានៅពីលើវាផងដែរ។

ចំណែកឯកុំព្យូទ័រយួរដៃ Creator កម្លាំងខ្ពស់វិញនោះគឺជា Vivobook Pro 16X OLED (N7601) ដែលមានជម្រើសឡើងដល់ Intel Core i9-12900H និង NVIDIA GeForce RTX 3070 Ti ជាមួយបច្ចេកវិទ្យាបន្ថយកម្ដៅ IceCool Pro អាចរក្សាល្បឿនឲ្យនៅថេរ បានគ្រប់កាលៈទេសៈ។ វាមានជម្រើសអេក្រង់ប្រភេទ 120Hz 3.2K OLED HDR 16:10 ឬក៏ជម្រើស 60 Hz 4K OLED HDR 16:10 ជាមួយគែមអេក្រង់លាតពេញដល់ 90.3% នៃផ្ទៃទាំងមូល។ មុខងារសំខាន់ៗសម្រាប់ Creators ក៏ត្រូវបានរកឃើញនៅលើនេះដែរ ដូចជា ASUS DialPad និងរន្ធតំណរភ្ចាប់សម្បូរបែប រួមមានទាំង MicroSD Express 7.1 Card Reader និង Thunderbolt™ 4 ជាដើម។

កុំព្យូទ័រយួរដៃប្រភេទ Gaming

ROG Strix SCAR 17 Special Edition (G733) ជាកុំព្យូទ័រយួរដៃប្រភេទ Gaming ស៊េរីថ្មី សុទ្ធតែប្រើប្រាស់ម៉ាស៊ុនជំនាន់ចុងក្រោយ និងបច្ចេកវិទ្យាបន្ថយកម្ដៅឈានមុខជាងគេមួយ ដើម្បីផ្ដល់បទពិសោធន៍ល្អប្រសើរ ដល់ការលេងហ្គេមតែម្ដង។ ការប្រើប្រាស់បន្ទះបន្ថយកម្ដៅ Vapor Chamber បង្កើតឡើងដោយផ្ទាល់ខ្លួន បូករួមជាមួយការប្រើប្រាស់ទឹកលោហៈ Conductonaut Extreme Liquid Metal របស់ ROG ទៅលើទាំង CPU និង GPU ដើម្បីអនុញ្ញាតឲ្យ SCAR 17 SE រត់នៅក្នុងល្បឿនខ្លាំង ដែលមិនអាចធ្វើបានពីមុនឡើយ។ កម្លាំងថាមពល TDP ចំនួន 65W ត្រូវបានចេញមកពី CPU Intel Core i9-12950HX របស់វា និងកម្លាំង TGP ដល់ទៅ 175W ជាមួយមុខងារ Dynamic Boost ត្រូវបានចេញពី GPU របស់វាថែមទៀតផង។ វាមានផ្ដល់ជូនជម្រើសអេក្រង់ FHD 360Hz ឬ QHD 240Hz សុទ្ធតែមានល្បឿនឆ្លើយតបលឿនមែនទែន ត្រឹម 3ms Response Times ដែលអាចឲ្យអ្នកប្រើប្រាស់មើលឃើញចលនារលូនបំផុត និងគ្មានការទាក់នោះទេ ទោះបីជានៅក្នុងកម្រិតគុណភាពណាក៏ដោយ។

ឥឡូវចូលមកដល់ថេប្លេត ដែលមានកម្លាំងខ្លាំងគេមួយវិញម្ដង ROG Flow Z13 (GZ7301) ផ្ដល់ជូនកម្លាំងម៉ាស៊ីនខ្ពស់ នៅក្នុងតួខ្លួនស្ដើង និងស្រាល ជាមួយការប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Windows 11, បំពាក់ CPU ឡើងរហូតដល់ Intel Core i9-12900H ដែលមានផ្ទុកសរុបចំនួន 14-Core ក៏ដូចជាក្រាហ្វិកកាតដាច់ NVIDIA GeForce RTX 3050 Ti, បច្ចេកវិទ្យា MUX Switch និងមាន RAM ល្បឿនលឿន 5200 MHz LPDDR5 ថែមទៀត។ កម្លាំងទាំងអស់នេះ ត្រូវបានស្ថិតនៅក្នុងតួខ្លួនមានរាងបែបអនាគត ដោយបានយកលំនាំតាមព្រឹត្តិការណ៍ពិភពលោក Space Race នៅក្នុងសតវត្សរ៍ទី 20 តែម្ដង ប៉ុន្ដែ ROG ក៏បានកែច្នៃបន្ថែមទៀត ដើម្បីឲ្យងាយយកតាមខ្លួនទៅណាមកណាបាន។ វាមានបន្ទះអេក្រង់ចំនួន 2 ជម្រើស ដូចជា 4K 60Hz 85% DCI-P3 ឬក៏ Full HD 120Hz 100% sRGB សម្រាប់ឲ្យយើងជ្រើសរើសបាន។

ASUS TUF Dash F15 (FX517) ម៉ូឌែលស៊េរីឆ្នាំ 2022 ត្រូវបានកែតម្រូវ និងធ្វើការពង្រឹងបន្ថែមទៀត ជាមួយលក្ខណៈសម្បត្តិចុងក្រោយ ខណៈពេលនៅរក្សាកម្រាស់បានក្រោម 20mm ដដែល។ យើងឃើញមានជម្រើស CPU ឡើងដល់ Intel Core i7-12650H និងជម្រើស GPU ឡើងដល់ NVIDIA GeForce RTX 3070 ហើយមានបច្ចេកវិទ្យា MUX Switch ដូចគ្នា។ TUF Dash F15 មានសមត្ថភាពគ្រប់គ្រាន់ សម្រាប់ការលេងហ្គេមប្រចាំថ្ងៃ នៅក្នុងតួខ្លួនស្ដើង ហើយស្រាលល្មមរបស់វានេះ។ វាក៏ត្រូវបានប្រើប្រាស់ RAM ប្រភេទ DDR5 4800MHz ជាអត្ថប្រយោជន៍ដល់ ការប្រើប្រាស់កម្មវិធីច្រើនក្នុងពេលតែមួយ និងមានកន្លែងដាក់ SSD PCIe 4.0 ចំនួន 2 ផងដែរ។ ទៅលើការបន្ទះបង្ហាញ វាមានជម្រើស QHD 165Hz 100% DCI-P3 អនុញ្ញាតឲ្យពណ៌ដិតស្រស់ និងត្រឹមត្រូវបំផុត ដើម្បីជាជំនួយដល់ការលេងហ្គេម និងការបង្កើត Content ថ្មីៗនានា។

Hands-on Showcase

គួរបញ្ជាក់ម្ដងទៀត កន្លែងស្តង់របស់ ASUS នៅ IFA 2022 កំពុងធ្វើឡើងនៅថ្ងៃទី 2 ដល់ថ្ងៃទី 6 ខែកញ្ញា ឆ្នាំ 2022 និងស្ថិតនៅ Messe Venue, Hall 11.2 (Berlin ExpoCenter City, Messedamm 22, 14055 Berlin, Germany) ចន្លោះពីម៉ោង 10AM ព្រឹក ដល់ម៉ោង 6PM ល្ងាច។

កុំព្យូទ័រយួរដៃអេក្រង់បត់ពិសេស Zenbook 17 Fold OLED (UX9702) និងផលិតផលផ្សេងជាច្រើនទៀត សុទ្ធតែបានដាក់ឲ្យធ្វើការចុចតេស្ដនៅទីនោះ ដែលរួម​មាន​កុំព្យូទ័រ​យួរដៃ, កុំព្យូទ័រលើតុ, អេក្រង់ម៉ូនីទ័រ, គ្រឿងកុំព្យូទ័រ, ឧបករណ៍បណ្តាញ Network, ផលិតផលពាណិជ្ជកម្ម, បន្ទះ Motherboards និងផ្សេងៗជាច្រើនទៀត។ ស្របនឹងពេលនោះផងដែរ ROG ក៏មានផលិតផលបង្កើតថ្មីៗបន្ថែមទៀត ដែលបានដាក់បង្ហាញនៅក្នុងកម្មវិធី Gamescom ក៏ត្រូវបានដាក់ឲ្យសាកល្បង ធ្វើតេស្ដដោយផ្ទាល់ដូចគ្នា។

PRESS CONTACTS
Sovannry Sak
Digital Marketing Specialist
Sovannry_Sak@asus.com

ប្រភព ៖ ASUS Cambodia
អត្ថបទទាក់ទង