ប៉ុន្មានខែទៀតនេះ កម្មវិធី Facebook Gaming លើទូរសព្ទនឹងត្រូវបិទដំណើរការហើយ
ដោយ​ ៖ ឡេង | មួយខែមុន SHARE

 

បន្ទាប់ពីបានបើកដំណើរការបានជាង 2 ឆ្នាំមក Facebook ក៏សម្រេចចិត្តបិទកម្មវិធី Facebook Gaming របស់ពួកគេចោលហើយ ដោយលែងអាចប្រើប្រាស់នៅលើ iOS ឬ Android បានទៀតនោះទេ។ ក្រុមការងារ Facebook បានផ្ញើសារអ៊ីមែលទៅកាន់អ្នកប្រើប្រាស់ រួចបញ្ជាក់ប្រាប់ឲ្យដឹងមុនថា ពួកគេនឹងបិទកម្មវិធីនោះ ចាប់ផ្ដើមពីថ្ងៃទី 28 ខែតុលា ឆ្នាំ 2022 ខាងមុខនេះតែម្ដង។

គួរបញ្ជាក់ផងថា អ្នកប្រើប្រាស់ Facebook Gaming នៅលើកុំព្យូទ័រ ឬតាមរយៈវេបសាយ នឹងនៅអាចដំណើរការបានដដែល លើកលែងតែកម្មវិធីទូរសព្ទប៉ុណ្ណោះ ដែលត្រូវបានបិទចោល។ ដើម្បីធ្វើការប្រកួតប្រជែងជាមួយនឹង YouTube Gaming, Mixer របស់ Microsoft (មុននឹងបិទដំណើរការ) និងជាពិសេស Twitch ដូច្នេះ Facebook Gaming ក៏ត្រូវបានបង្កើតឡើងមក ហើយបញ្ចេញកម្មវិធីសម្រាប់ទូរសព្ទ កាលពីឆ្នាំ 2020 កន្លងទៅ។ ក្រោយមក Mixer ក៏ត្រូវបានដាក់បញ្ចូលរួមគ្នាជាមួយ Facebook Gaming ហើយបានចុះកិច្ចព្រមព្រៀងផ្ដាច់មុខ​ ជាមួយបុគ្គលិកល្បីៗដូចជា Ninja និង Shroud ថែមទៀតផង។

អ៊ីចឹង តើនេះអាចជាសញ្ញាបង្ហាញថា Facebook ចាប់ផ្ដើមដកថយចេញពីវិស័យ Gaming ហើយឬក៏អត់ទេ? ទោះបីជា Facebook Gaming កំពុងមានភាពល្បីល្បាញ និងមានអ្នក Live Stream ផ្សាយបន្ដផ្ទាល់លេងហ្គេមច្រើនក៏ពិតមែន ប៉ុន្ដែមិនទាន់ដល់កម្រិតខ្ពស់ នៃក្រុមហ៊ុនដទៃទៀតនោះទេ។

ប្រភព ៖ Facebook Gaming
អត្ថបទទាក់ទង