ព្រឹត្តិការណ៍ប្រកាសចេញ iPhone 14 Series ទំនងនឹងធ្វើឡើងនៅដើមខែកញ្ញាតែម្ដង
ដោយ​ ៖ ឡេង | មួយខែមុន SHARE

 

Apple តែងតែព្យាយាមប្រកាសចេញ iPhone ស៊េរីថ្មីៗជារៀងរាល់ឆ្នាំ នៅអំឡុងខែកញ្ញា ដែលធ្វើឡើងនៅក្នុងព្រឹត្តិការណ៍ធំបំផុតរបស់ពួកគេ។ សម្រាប់នៅក្នុងឆ្នាំនេះវិញ ក៏អាចនឹងមិនខុសគ្នាដែរ ដោយមានរបាយការណ៍ចុះផ្សាយថា Apple គ្រោងនឹងប្រកាសចេញ iPhone 14 Series នៅក្នុងថ្ងៃទី 7 ខែកញ្ញា ឆ្នាំ 2022 ខាងមុខនេះ។

លោក Mark Gurman ជាអ្នកចែករំលែកព័ត៌មានលេចធ្លោ ដែលធ្លាប់មានលទ្ធផលត្រឹមត្រូវច្រើន បានលើកឡើងមកថា Apple បានប្ដូរពីពាក់កណ្ដាលខែ មកដើមខែវិញផងដែរ សម្រាប់នៅក្នុងឆ្នាំនេះ។ បន្ថែមពីនេះ គាត់ក៏បានបញ្ជាក់ប្រាប់ថា Apple នឹងរៀបចំព្រឹត្តិការណ៍នេះ បែបលក្ខណៈអនឡាញ និងចាក់វីដេអូថតទុកមុនដដែល ដោយមិនទាន់ត្រឡប់មកការផ្សាយបន្ដផ្ទាល់នៅឡើយទេ។ គួរបញ្ជាក់ផងថា កាលពីជំនាន់ iPhone 13 Series ត្រូវបានធ្វើឡើងនៅថ្ងៃទី 15 ខែកញ្ញា ឆ្នាំ 2021 រីឯកាលពីជំនាន់ iPhone 12 Series ត្រូវបានធ្វើឡើងនៅថ្ងៃទី 13 ខែតុលា ឆ្នាំ 2021 ព្រោះតែបញ្ហាវីរុសកាចសាហាវ ទើបមានការពន្យារពេលបែបនោះ។

ហាក់បីដូចជា ព័ត៌មានលេចធ្លោពីមុនៗរួចមកហើយ iPhone 14 Series អាចនឹងមានសរុបចំនួន 4 ម៉ូឌែល ដូចជា iPhone 14 ធម្មតា/នៅប្រើប្រាស់ថ្ងាស់ឆក/ទំហំ 6.1 អ៊ីញ, iPhone 14 Max នៅប្រើប្រាស់ថ្ងាស់ឆក/អេក្រង់ធំទំហំ 6.7 អ៊ីញ, iPhone 14 Pro ប្រើប្រាស់កាមេរ៉ាមុខទម្លុះអេក្រង់/ទំហំ 6.1 អ៊ីញ និងចុងក្រោយគេ iPhone 14 Pro Max ប្រើប្រាស់កាមេរ៉ាមុខទម្លុះអេក្រង់/ទំហំ 6.7 អ៊ីញ។

ប្រភព ៖ Bloomberg
អត្ថបទទាក់ទង