ទីបំផុតមុខងារបង្ហាញភាគរយថ្ម កំពុងតែវិលត្រឡប់មកវិញហើយ
ដោយ​ ៖ ឡេង | មួយខែមុន SHARE

 

កំណែអាប់ដេត iOS 16 Developer Beta ជំនាន់ទី 5 បាននាំយកមុខងារបង្ហាញភាគរយថ្ម មកឲ្យអ្នកប្រើប្រាស់ iPhone ដែលមានថ្ងាសឆកហើយ។ ហេតុដូច្នេះហើយ អ្នកប្រើប្រាស់លែងចាំបាច់ ទាល់តែអូសចូលទៅផ្ទាំង Control Center ដើម្បីឆែកមើលភាគរយថ្មពិតប្រាកដទៀតឡើយ។

រៀងរាល់ម៉ូឌែល iPhone X ឡើងទៅ សុទ្ធតែទទួលបានមុខងារនេះមកវិញ នៅលើជំនាន់ iOS 16 Beta 5 លើកលែងតែម៉ូឌែល iPhone 12 mini/13 mini ប៉ុណ្ណោះ។ ហាក់បីដូចជា អ្នកបានរំពឹងទុករួចមកហើយ ដោយនៅពេលទូរសព្ទកំពុងបញ្ចូលថ្ម នោះវាក៏នឹងបញ្ជាក់ឲ្យងាយស្រួលដឹងដូចគ្នា ថាតើកំពុងបញ្ចូលបានប៉ុន្មានភាគរយហើយ និងមិនចំាបាច់ចូលទៅ Control Center នាំតែពិបាកនោះទេ។

ជាយូរណាស់មកហើយ ចាប់តាំងពីជំនាន់ iPhone X ឡើងមក អ្នកប្រើប្រាស់ត្រូវមើលរូបភាពថ្ម ជំនួសឲ្យចំនួនភាគរយថ្មពិតប្រាកដ នៅលើរបារខាងលើនោះ ប៉ុន្ដែ iOS 16 នឹងជួយឲ្យកាន់តែងាយស្រួលឡើងវិញបាន។ ចំពោះការបញ្ចេញកំណែអាប់ដេត iOS 16 ជំនាន់ផ្លូវការជាសាធារណៈ នឹងអាចចាប់ផ្ដើមពីអំឡុងខែកញ្ញាតទៅ បន្ទាប់ពី Apple ប្រកាសចេញ iPhone 14 Series ផងដែរ។

ប្រភព ៖ Apple
អត្ថបទទាក់ទង