LG ប្រកាសចេញថេប្លេតថ្មី មានអេក្រង់ទំហំ 10” និងប្រើប្រាស់ Android 12
ដោយ​ ៖ ឡេង | មួយខែមុន SHARE

 

ទោះបីជា LG លែងផលិតស្មាតហ្វូនស៊េរីថ្មីតទៅទៀតក៏ពិតមែនក្ដី ប៉ុន្ដែពួកគេនៅបន្ដផលិតថេប្លេតថ្មីដដែល។ ដោយកាលពីពេលថ្មីៗនេះ LG បានប្រកាសចេញថេប្លេតស៊េរីថ្មីមួយ ដែលមានឈ្មោះហៅថា LG Ultra Tab ជាមួយនឹងតម្លៃចាប់ផ្ដើមពីខ្ទង់ 327 ដុល្លារឡើងទៅ នៅប្រទេសកូរ៉េខាងត្បូង។

ថេប្លេតស៊េរីថ្មីរបស់ LG មួយនេះ ប្រើប្រាស់បន្ទះឈីប Qualcomm Snapdragon 680 ជាមួយរ៉េម 4GB និងមានទំហំផ្ទុក 64GB ដែលអាចបន្ថែម Micro SD Card ពីក្រៅទៀតបាន។ តួខ្លួនរបស់វាមានទម្ងន់ 458g និងកម្រាស់ 7.1mm ហើយសាកថ្មតាមរយៈរន្ធ Type-C និងនៅតែរក្សារន្ធដោតកាស។ បើទៅលើផ្នែកបន្ទះអេក្រង់វិញ វាមានទំហំ 10.35” ប្រភេទ IPS LCD ខ្នាត 5:3 កម្រិត WUXGA+ (2000 x 1200) និងមាន Refresh Rate 60Hz ធម្មតា។ ថេប្លេត LG Ultra Tab ក៏មានកាមេរ៉ាមុខទំហំ 5MP និងកាមេរ៉ាក្រោយទំហំ 8MP មួយគ្រាប់។ លើសពីនេះ វាក៏អាចគាំទ្រប៊ិក រួមទាំងមានបំពាក់ Speaker ចំនួន 4 គ្រាប់ និងមានថាមពលទំហំ 27.1Wh ដោយមិនបានប្រាប់ជាប្រភេទ mAh នោះទេ។

LG មិនទាន់បានប្រាប់នៅឡើយទេថា នឹងគ្រោងនាំយកថេប្លេតស៊េរីថ្មីនេះ មកដាក់លក់នៅលើទីផ្សារសកល ដោយនាពេលបច្ចុប្បន្ននេះ វាកំពុងតែដាក់លក់នៅប្រទេសកូរ៉េខាងត្បូង។

ប្រភព ៖ LG
អត្ថបទទាក់ទង