OnePlus 10T មានតម្លៃចាប់ពីខ្ទង់ 649 ដុល្លារឡើងទៅ ជាមួយឈីប 8+ Gen1 និងកម្លាំងសាក 150W
ដោយ​ ៖ ឡេង | 1 សប្ដាហ៍មុន SHARE

 

កាលពីពេលយប់មិញនេះ OnePlus បានរៀបចំព្រឹត្តិការណ៍ថ្មី ដោយបានធ្វើការប្រកាសចេញ ទូរសព្ទស៊េរីថ្មីមួយនៅក្នុងត្រកូល T-Series នោះគឺ OnePlus 10T តែម្ដង។ វាមានប្រើប្រាស់បន្ទះឈីបកំពូល Qualcomm Snapdragon 8+ Gen1 ប៉ុន្ដែបាត់បង់ចំណុចមួយសំខាន់ ដែលជាអត្តសញ្ញាណឲ្យ OnePlus តាំងពីយូរណាស់មកហើយ។

ជាការពិតណាស់ OnePlus 10T មិនមានកន្លែងបិទបើកសំឡេងញ័រ Alert Slider នោះទេ ហើយក៏មិនបានសហការជាមួយនឹង Hasselblad ដើម្បីពង្រឹងលើផ្នែកកាមេរ៉ានោះដែរ។ យ៉ាងណាមិញ អ្វីដែលវាផ្ដល់ឲ្យរួមមានដូចជា កម្លាំងសាកថ្មរហូតដល់ទៅ 150W ដោយអាចបញ្ចូលថ្ម 4,800mAh មួយពេញវិញបាន នៅក្នុងរយៈពេលត្រឹមតែ 20 នាទីប៉ុណ្ណោះ បើយោងតាមការអះអាងពី OnePlus ផ្ទាល់។ ក្រៅពីមានបំពាក់ឈីប Snapdragon 8+ Gen 1 ហើយ វាក៏មានជម្រើសរ៉េមចាប់ផ្ដើមពី 8GB រហូតដល់ 16GB ឯណោះ។

ចំពោះបន្ទះអេក្រង់របស់ OnePlus 10T គឺជាប្រភេទ OLED កម្រិត FHD ទំហំ 6.7 អ៊ីញ ជាមួយល្បឿន Refresh Rate 120Hz ដោយវាមិនមែនជាអេក្រង់កោង ដូចម៉ូឌែល OnePlus 10 Pro នោះឡើយ។ បើទៅលើផ្នែកកាមេរ៉ាវិញ វាមានកាមេរ៉ាក្រោយសរុប 3 គ្រាប់ (លេនគោល 50MP, លេន Ultra-Wide 8MP និងលេន Macro 2MP) ជាមួយកាមេរ៉ាមុខទំហំ 16MP ផងដែរ។ លើសពីនេះ វាប្រើប្រាស់ OxygenOS 12.1 លើ Android 12 ចេញពីប្រអប់ និងគ្រោងទទួលបានកំណែអាប់ដេត OS ចំនួន 3 ឆ្នាំ ក៏ដូចជាផ្នែកសុវត្ថិភាពចំនួន 4 ឆ្នាំ។

OnePlus នឹងចាប់ផ្ដើមដាក់លក់ 10T ចាប់ពីខែកញ្ញាខាងមុខនេះតទៅ នៅសហរដ្ឋអាមេរិក ជាមួយតម្លៃចាប់ផ្ដើមពីខ្ទង់ 649 ដុល្លារ (RAM 8GB/ROM 128GB) និងតម្លៃខ្ទង់ 749 ដុល្លារ (RAM 16GB/ROM 256GB)។

ប្រភព ៖ OnePlus
អត្ថបទទាក់ទង