វ៉ែនតាឆ្លាតវៃថ្មីពី Xiaomi មានកាមេរ៉ា 50MP និងអាច Zoom បាន 15 ដង
ដោយ​ ៖ ឡេង | 1 សប្ដាហ៍មុន SHARE

 

ក្រុមហ៊ុនបច្ចេកវិទ្យាល្បីឈ្មោះ មកពីប្រទេសចិនមួយនេះ បានប្រកាសចេញនូវ វ៉ែនតាឆ្លាតវៃថ្មី ដែលស្ថិតនៅក្រោមម៉ាកសញ្ញា Mijia ផងដែរ។ វ៉ែនតាឆ្លាតវៃថ្មីនេះ មានបំពាក់កាមេរ៉ាចំនួន 2 គ្រាប់ ដោយរួមមានកាមេរ៉ាគោល 50MP និងកាមេរ៉ា Periscope ទំហំ 8MP ជាមួយ OIS ដែលអាចពង្រីក Zoom បានដល់ទៅ 15 ដង។

Xiaomi បានបញ្ចាក់ប្រាប់ថា វាមានថាមពលថ្ម 1,020mAh (កម្លាំងសាក 10W) ចំណាយពេល 30 នាទី ដើម្បីបញ្ចូលពី 0% ឡើងដល់ 80% វិញ និងអាចថតវីដេអូបានរហូតដល់ 100 នាទីជាប់។ លើសពីនេះ វាមានបំពាក់បន្ទះអេក្រង់ Sony Micro OLED ជាមួយកម្រិតពន្លឺភ្លឺដល់ 3,000nits និងទទួលស្គាល់ដោយ TÜV Rheinland សម្រាប់ការការពារភ្នែកបាន។

វ៉ែនតាឆ្លាតវៃ Xiaomi Mijia Glasses ដំណើរការនៅលើឈីប Qualcomm Snapdragon 8 Chipset បូករួមទាំង RAM ទំហំ 3GB និងទំហំផ្ទុក Storage ទំហំ 32GB ក៏ដូចជា Bluetooth 5.0 សម្រាប់តភ្ចាប់។ ចំពោះសមត្ថភាពពិសេសរបស់វា មានដូចជាការប្រើប្រាស់មុខងារ AR បាន, អាចបកប្រែភាសាបាន និងជាការពិតណាស់ គឺអាចថតវីដេអូ និងរូបភាពបាន។

Xiaomi នឹងដាក់លក់វានៅក្នុងតម្លៃខ្ទង់ 370 ដុល្លារ សម្រាប់អ្នកធ្វើការកុម្ម៉ង់ទិញមុន និងតម្លៃខ្ទង់ 400 ដុល្លារ សម្រាប់អ្នកទិញនៅពេលក្រោយ។ យ៉ាងណាក៏ដោយ វ៉ែនតាឆ្លាតវៃថ្មីនេះ អាចនឹងមិនត្រូវចិត្តមនុស្សគ្រប់គ្នានោះទេ ពីព្រោះវាមានតួខ្លួនទំហំធំគួរសម ហើយមានកាមេរ៉ាបែបនេះ ដែលកន្លែងមួយចំនួន ត្រូវបានហាមឃាត់។

ប្រភព ៖ Xiaomi
អត្ថបទទាក់ទង