មុខងារ Repair Mode ថ្មីពី Samsung ជួយកុំឲ្យជាងជួសជុល ឆែកទិន្នន័យរបស់អ្នកប្រើប្រាស់បាន
ដោយ​ ៖ ឡេង | 1 សប្ដាហ៍មុន SHARE

 

ការជួសជុលទូរសព្ទ ជាការពិបាកមួយស្រាប់ហើយ ដោយត្រូវចំណាយថវិកា និងពេលវេលាផងដែរ ដោយឡែក ការមិនបានការពារទិន្នន័យនៅក្នុងទូរសព្ទ នឹងកាន់តែមានគ្រោះថ្នាក់ថែមមួយកម្រិតទៀត។ ហេតុដូច្នេះហើយ Samsung ក៏បានបញ្ចេញមុខងារ Repair Mode ថ្មីមួយ ដែលអនុញ្ញាតឲ្យទូរសព្ទធ្វើការ លាក់ទិន្នន័យសំខាន់ៗទាំងអស់ ឲ្យបានកាន់តែងាយស្រួលជាងមុន។

មុខងារពិសេសមួយនេះ កំពុងត្រូវបានបើកឲ្យប្រើប្រាស់ នៅប្រទេសកូរ៉េខាងត្បូងមុនគេ ហើយនឹងពង្រីកទៅទីផ្សារដទៃទៀត ដោយអាចរួមមានទាំងស្រុកយើងផង នៅក្នុងពេលខាងមុខបន្ដទៀត។ អ្នកប្រើប្រាស់អាចស្វែងរកមុខងារមួយនេះ តាមរយៈការចូលទៅកាន់ Settings > Battery and Device Care ហើយទិន្នន័យសំខាន់ៗដូចជា រូបភាព, វីដេអូ, សារ, គណនី និងផ្សេងៗទៀត នឹងត្រូវបានហាមឃាត់ លែងឲ្យចូលមើលបានតទៅទៀតហើយ។ លុះត្រាតែម្ចាស់ទូរសព្ទមួយនោះ ធ្វើការបិទបើកទូរសព្ទម្ដង រួចស្កេនម្រាមក្រយ៉ៅដៃ ឬវាយពាក្យសម្ងាត់ផ្ទាល់ខ្លួន ទើបអាចបើកប្រើប្រាស់បានធម្មតាវិញ។

គួរបញ្ជាក់ផងដែរថា អ្នកប្រើប្រាស់ Galaxy S21 Series នឹងចាប់ផ្ដើមទទួលបាន មុខងារថ្មីមួយនេះមុនគេ ហើយបន្ទាប់មក នឹងមាននៅលើម៉ូឌែលផ្សេងៗទៀត ទូទាំងពិភពលោក។ ប្រសិនបើអ្នកទាំងអស់គ្នា នៅមិនទាន់រកឃើញមុខងារមួយនេះទេ ដូច្នេះអាចធ្វើការរង់ចាំនៅពេលខាងមុខទៀតបាន។

ប្រភព ៖ Samsung
អត្ថបទទាក់ទង