Apple មានគម្រោងដាក់បង្ហាញផ្ទាំង Ads នៅលើ Tab Today ក្នុង App Store ដែរ
Apple មានគម្រោងពង្រីកការដាក់បង្ហាញផ្ទាំងផ្សាយពាណិជ្ជកម្មនៅក្នុង App Store ទៅកាន់កន្លែងមួយចំនួនបន្ថែមទៀត ដែលក្នុងនោះរួមមានទាំងក្នុង Tab Today និងនៅក្នុង Page របស់កម្មវិធីនីមួយៗផងដែរ។
ផ្ទាំងពាណិជ្ជកម្ម (Ads) នៅកន្លែងថ្មីទាំងពីរនោះ នឹងចូលមកបន្ថែមពីលើផ្ទាំង Ads ដែលយើងធ្លាប់បានឃើញស្រាប់នៅលើ Tab Search និង Search Result ក្នុង App Store។ ផ្ទាំងពាណិជ្ជកម្មនៅក្នុង Tab Today នឹងបង្ហាញក្នុងទម្រង់ជា Card ទំហំធំតែម្ដង ប៉ុន្តែនៅក្នុងនោះយើងក៏អាចមើលដឹងបានថា វាជាផ្ទាំងពាណិជ្ជកម្ម តាមរយៈប្រអប់ពណ៌ខៀវតូចមួយមានសរសេរពាក្យ Ads នៅខាងក្រោមឈ្មោះកម្មវិធី ដែលស្ថិតក្នុងការផ្សាយពាណិជ្ជកម្មនោះ។
ចំណែកផ្ទាំង Ads ថ្មី នៅក្នុង Page របស់កម្មវិធីនីមួយៗវិញ នឹងបង្ហាញចេញនៅកន្លែង “You Might Also Like” ហើយនឹងបង្ហាញកម្មវិធីណា ដែលទាក់ទងគ្នាជាមួយកម្មវិធីនៅខាងលើ ដែលអ្នកប្រើប្រាស់បានចុចចូលទៅមើលនោះ។
គួរបញ្ជាក់ដែរថា Apple បានចាប់ផ្តើមបង្ហាញ Ads ក្នុង App Store ដំបូងកាលពីឆ្នាំ 2016 កន្លងទៅ ដោយវិធីនេះបានក្លាយជាផ្លូវមួយទៀតសម្រាប់ Apple ក្នុងការបង្កើនចំណូលរបស់គេបន្ថែមទៀត ហើយក៏ជាហេតុផលសំខាន់មួយធ្វើឲ្យមុខជំនួញផ្នែក Service របស់គេបន្តរីកចម្រើនរហូតមកទល់បច្ចុប្បន្ននេះ។ បើទោះជា Ads ផ្តល់ប្រយោជន៍ច្រើនឲ្យ Apple មែន តែសម្រាប់អ្នកប្រើប្រាស់វិញ វាក៏អាចបង្ករជាការរំខានមួយទៅដល់ការប្រើប្រាស់ប្រចាំថ្ងៃដែរ។