CEO របស់ Qualcomm បង្ហើបប្រាប់ថា Galaxy S23 Series នឹងប្រើតែឈីប Snapdragon មួយប៉ុណ្ណោះ
ដោយ​ ៖ ខេមបូរីផត | 2 សប្ដាហ៍មុន SHARE

 

គិតមកទល់ពេលបច្ចុប្បន្ននេះ Samsung នៅតែបន្តប្រើប្រាស់ឈីប 2 ប្រភេទផ្សេងគ្នា នៅលើទូរសព្ទលំដាប់កំពូលត្រកូល S របស់ខ្លួន ដោយក្នុងនោះមានតំបន់ខ្លះទទួលបានម៉ូឌែលប្រើឈីប Snapdragon រីឯម៉ូឌែលខ្លះទៀតប្រើឈីប Exynos របស់គេ។ ដោយឡែកនៅក្នុង Galaxy S22 Series បច្ចុប្បន្ននេះ យើងឃើញថា ម៉ូឌែលប្រើឈីប Snapdragon មានច្រើនជាងមុន ហើយនៅលើ Galaxy S23 ខាងមុខវិញ អាចនឹងលែងមានម៉ូឌែលប្រើឈីប Exynos តែម្ដង។

មិនខុសទេ បើយោងតាមការបង្ហាញចេញពី CEO របស់ Qualcomm ផ្ទាល់ គឺលោក Cristiano Amon បានឲ្យដឹងថា នៅលើ Galaxy S22 Series បច្ចុប្បន្ននេះ មានដល់ទៅ 75% ឯណោះ ដែលបានបំពាក់ឈីប Snapdragon ដូច្នេះមានតែ 25% ទៀតប៉ុណ្ណោះ ដែលប្រើប្រាស់ឈីប Exynos 2200។ លោក Amon បានបន្តទៀតថា ចំណែកនៅលើ Galaxy S23 វិញ Qualcomm នឹងធ្វើបានកាន់តែប្រសើរជាងនេះច្រើនថែមទៀត។ បើទោះជាគាត់មិនបានបញ្ជាក់ថា Galaxy S23 Series នឹងប្រើឈីប Snapdragon 100% ក៏ដោយ ប៉ុន្តែឆ្នាំនេះ មាន 75% ទៅហើយនៅលើ Galaxy S22 ហើយបើសិនជានៅលើ S23 គេធ្វើបានប្រសើរជាងនេះច្រើនទៀតនោះ ដូច្នេះគឺសមហេតុផល ដែលយើងអាចរំពឹងទុកបានថា ទូរសព្ទកំពូលជំនាន់ក្រោយនេះ នឹងប្រើឈីបរបស់ Qualcomm ទាំងស្រុងគ្រប់ទីផ្សារតែម្ដង។

ការបង្ហាញរបស់លោក Amon នោះដែរ គឺចេញមកដោយសារតែ Qualcomm និង Samsung បានបន្ថែមកុងត្រានៃការសហការគ្នារបស់ពួកគេបន្តទៀត ដោយលើកនេះឡើងដល់ទៅឆ្នាំ 2030 ឯណោះ។ ការសហការនេះដែរគឺរួមមានទាំង ការព្រមព្រៀងបំពាក់ឈីបរបស់ Qualcomm នៅលើ ទូរសព្ទត្រកូល Galaxy, កុំព្យូទ័រត្រកូល Galaxy ដែលដំណើរការដោយ Windows, Galaxy Book ក៏ដូចជាថេប្លេតត្រកូល Galaxy ជាដើម។

ប្រភព ៖ GSMarena
អត្ថបទទាក់ទង