ASUS Zenfone 9 ចេញផ្លូវការ ជាទូរសព្ទខ្លួនតូចបំពាក់ឈីបកំពូល Snapdragon 8+ Gen 1
ដោយ​ ៖ ខេមបូរីផត | 2 សប្ដាហ៍មុន SHARE

 

កាលពីយប់មិញនេះ ASUS បានប្រកាសចេញទូរសព្ទឆ្លាតម៉ូឌែល Zenfone 9 ជំនាន់ថ្មីរបស់ខ្លួនមកជាផ្លូវការ ដោយបន្តជាទូរសព្ទ Compact ដែលមានបំពាក់លក្ខណៈសម្បត្តិកម្រិតខ្ពស់ៗ មិនខុសពីជំនាន់មុនប៉ុន្មាននោះទេ។

សម្រាប់ការឌីហ្សាញរូបរាង Zenfone 9 មានលក្ខណៈប្លែកពីជំនាន់មុនច្រើនគួរសម ជាពិសេសនៅខាងក្រោយ ដោយលើកនេះវាមានកាមេរ៉ាពីរគ្រាប់ ជាមួយរង្វង់ព័ទ្ធជុំវិញធំៗតែម្ដង ហើយខ្នងក្រោយរបស់វាធ្វើឡើងពីប្លាស្ទិក ដែលមានសាច់ម៉ត់ខាប់ផងដែរ។ នៅខាងមុខវាមានកាមេរ៉ាជាលេនទំលុះអេក្រង់នៅខាងឆ្វេង ហើយគែម Bezel ខាងក្រោមរបស់វា ក៏នៅឃើញសល់ក្រាស់គួរសមដែរ។

ASUS Zenfone 9 បានបំពាក់អេក្រង់ទំហំ 5.9 អ៊ីញ ជាប្រភេទ AMOLED មានកម្រិតបង្ហាញ FHD+ ល្បឿន Refresh Rate 120Hz ព្រមទាំងគាំទ្រ HDR10+ និងក្រាលការពារដោយកញ្ចក់ Gorilla Glass Victus។

កាមេរ៉ាខាងក្រោយពីរគ្រាប់នោះ មានលេនគោលទំហំ 50MP ជាមួយមុខងារទប់លំនឹ​ង Six-axis Gimbal Stabilizer ចំណែកមួយគ្រាប់ទៀតជាលេនទូលាយ Ultrawide ទំហំ 12MP។ ខណៈកាមេរ៉ាខាងមុខមួយគ្រាប់នោះវិញ គឺជាសេនស័រទំហំ 12MP។

ទៅលើបន្ទះឈីប បើទោះ Zenfone ជាទូរសព្ទ Compact ពិតមែន តែវាបានបំពាក់មកលំដាប់កំពូលចុងក្រោយ Snapdragon 8+ Gen 1 តែម្ដង អមមកជាមួយជម្រើសរ៉េមខ្ពស់បំផុតឡើងដល់ 16GB និងជម្រើសអង្គផ្ទុកខ្ពស់បំផុតឡើងដល់ 256GB។

ទូរសព្ទនេះបានបំពាក់មកជាមួយថាមពលថ្មទំហំ 4,300mAh គាំទ្រមុខងារសាកថ្មល្បឿនលឿនកម្លាំង 30W។ ក្រៅពីនេះវាដំណើរការដោយ Android 12 ចេញពីប្រអប់ស្រាប់ ហើយសម្រាប់កំណែអាប់ដេតវិញ ASUS ប្រាប់ថា នឹងទម្លាក់ឲ្យផ្នែក OS រយៈពេលពីរឆ្នាំ ឬពីរជំនាន់ប៉ុណ្ណោះ និងផ្នែកសុវត្ថិភាពចំនួន 3 ឆ្នាំ។ Zenfone 9 ក៏មានមុខងារការពារទឹកពេញលេញកម្រិត IP68, នៅតែបន្តភ្ជាប់រន្ធដោតកាសមកឲ្យ ហើយវាក៏មានសេនស័រស្កេនស្នាមម្រាមដៃ នៅលើប៊ូតុង Power មកដែរ។

សម្រាប់តម្លៃលើកនេះ ASUS បានដាក់លក់រាងថ្លៃជាងជំនាន់មុន ដោយតម្លៃចាប់ផ្តើមគឺខ្ពស់ 799 ដុល្លារ នៅក្នុងទីផ្សារអឺរ៉ុប។ Zenfone មានជម្រើស 4 ពណ៌សម្រាប់អ្នកទិញដូចជា ពណ៌ស, ខ្មៅ, ក្រហម និងពណ៌ខៀវ។

ប្រភព ៖ ASUS
អត្ថបទទាក់ទង