Huawei ប្រកាសចេញថេប្លេត MatePad Pro 11 ថ្មី ជាមួយអេក្រង់ OLED 120Hz និងឈីប Snapdragon 888
ដោយ​ ៖ ខេមបូរីផត | 2 សប្ដាហ៍មុន SHARE

 

កាលពីពេលថ្មីៗនេះ Huawei បានប្រកាសចេញថេប្លេតជំនាន់ថ្មី MatePad Pro 11 ស៊េរីឆ្នាំ 2022 មកជាផ្លូវការ ដោយក្នុងនោះថែមទាំងមានការអះអាងថា វាជាថេប្លេតអេក្រង់ 11 អ៊ីញដែលមានកម្រាស់ស្ដើង និងស្រាលបំផុតក្នុងពិភពលោកទៀតផង។

Huawei បានធ្វើឲ្យតួខ្លួនរបស់ MatePad Pro 11 ថ្មី មានកម្រាស់ស្ដើងត្រឹមតែ 5.9mm ប៉ុន្តែនេះមិនមែនជាថេប្លេត 11 អ៊ីញដែលស្ដើងជាងគេ ដូច Huawei អះអាងនោះទេ ព្រោះ iPad Pro 11 អ៊ីញ របស់ Apple បច្ចុប្បន្នក៏មានកម្រាស់ស្ដើងត្រឹមតែ 5.9mm ដែរ។ យ៉ាងណាសម្រាប់ទម្ងន់ស្រាលត្រឹម 449 ក្រាមនោះ គឺមិនខុសពី Huawei អះអាងឡើយ ដោយបច្ចុប្បន្នមិនទាន់ថេប្លេត 11 អ៊ីញស្រាលបែបនេះលើទីផ្សារនោះទេ។

អេក្រង់របស់ MatePad Pro 11 ជាប្រភេទ OLED មានកម្រិតបង្ហាញ 2,560 x 1,600 ភិចសែល ល្បឿន Refresh Rate 120Hz កម្រិតសមាមាត្រ 16:10 ព្រមទាំងជាអេក្រង់ប្រភេទ 10-bit ដែលមានកម្រិតល្អៀងនៃទឹកពណ៌ DeltaE ទាបជាង 1 តែប៉ុណ្ណោះ។

 

នៅខាងក្រោយលើកនេះប្លែកជាងមុនត្រង់ថា វាទទូលបានកាមេរ៉ារាងរង្វង់កាត់តាម Huawei P50 Series វិញ ដោយក្នុងរង្វង់នោះ មានផ្ទុកសេនស័រកាមេរ៉ាពីរគ្រាប់ លេនគោលទំហំ 13MP និងលេនទូលាយ Ultrawide ទំហំ 8MP។ នៅខាងមុខវាមានមួយគ្រាប់ ជាលេនទំលុះអេក្រង់ មិនខុសពីជំនាន់មុននោះទេ ហើយនេះជាសេនស័រទំហំ 16MP។

ទៅលើផ្នែកបន្ទះឈីបវិញ Huawei MatePad Pro 11 បានបំពាក់ឈីប Snapdragon 888 របស់ Qualcomm ហើយវាក៏មានម៉ូឌែលប្រើឈីប Snapdragon 870 ជាជម្រើសមួយទៀតដែរ អមមកនូវជម្រើសរ៉េម 8GB និង 12GB ជាមួយអង្គផ្ទុក 128GB, 256GB និង 512GB ផងដែរ។ ថេប្លេតនេះក៏មានជម្រើសប្រើប្រាស់ WiFi សុទ្ធ និង WiFi + 4G មួយទៀតដូចគ្នា។

សម្រាប់ថាមពលថ្ម MatePad Pro 11 បានបំពាក់មកទំហំ 8,300mAh គាំទ្រមុខងារសាកថ្មល្បឿនលឿនបាន 66W ប៉ុន្តែដុំសាកដែលដាក់ឲ្យស្រាប់មានកម្លាំងត្រឹម 40W វិញ (សម្រាប់ម៉ូឌែលប្រើឈីប Snapdragon 888)។ ថេប្លេតនេះដំណើរការដោយ HarmonyOS 3.0 និងត្រូវបាន Huawei អះអាងថា មានការកែប្រែជាច្រើន ដើម្បីឲ្យអ្នកប្រើប្រាស់ទទួលបានបទពិសោធន៍កាន់តែប្រសើរជាងមុន។

នៅក្នុងពេលនេះ Huawei បានចាប់ផ្តើមដាក់លក់ MatePad Pro 11 នៅក្នុងទីផ្សារប្រទេសចិនហើយ ដោយមានតម្លៃខ្ទង់ 489 ដុល្លារ សម្រាប់ម៉ូឌែលទាបជាងគេមានរ៉េម 8GB និងអង្គផ្ទុក 128GB។ ក្រុមហ៊ុននេះក៏បានបញ្ជាក់ប្រាប់ដែរថា MatePad Pro 11 2022 ជំនាន់ថ្មី នឹងបង្ហាញខ្លួននៅលើទីផ្សារសកល ក្នុងពេលឆាប់ៗខាងមុខនេះ។

ប្រភព ៖ GSMarena
អត្ថបទទាក់ទង