ជើងចាស់ផ្នែកស្រាវជ្រាវ និងអភិវឌ្ឍរបស់ Lamborghini មួយរូបបានចូលរួមជាមួយគម្រោង Apple Car
ដោយ​ ៖ ខេមបូរីផត | 2 សប្ដាហ៍មុន SHARE

 

គម្រោងក្នុងការបង្កើតរថយន្តអគ្គិសនីរបស់ Apple ហាក់ដូចជាមិនស្ងប់ស្ងាត់នោះទេ បើទោះជាមើលមិនទាន់ឃើញពីពេលវេលាជាក់លាក់ ដែលគេនឹងប្រកាសចេញជាផ្លូវការក៏ដោយ។ ដោយឡែក នៅក្នុងពេលនេះវិញ យើងទទួលបានព័ត៌មានថ្មីមួយចេញពី Bloomberg​ បានឲ្យដឹងថា Apple ទទួលបានបុគ្គលិកថ្មីសំខាន់មួយរូបទៀត ចូលមកក្នុងគម្រោង Project Titan របស់ខ្លួន។

Project Titan ជាឈ្មោះគម្រោងបង្កើតរថយន្តអគ្គិសនីរបស់ Apple ហើយក្នុងពេលថ្មីៗនេះ ក្រុមហ៊ុនអាមេរិកយកបានអតីតបុគ្គលិកជាន់ខ្ពស់នៅផ្នែក R&D (ស្រាវជ្រាវ និងអភិវឌ្ឍ) ដែលធ្លាប់ធ្វើការនៅក្រុមហ៊ុនរថយន្ត Lamborghini ខ្ទង់ 20 ឆ្នាំ ឲ្យមកចូលរួមជាមួយគម្រោងរថយន្តរបស់ខ្លួនបានសម្រេច។ ​អ្នកជំនាញម្នាក់នោះមានឈ្មោះថា Luigi Taraborrelli ហើយកាលពីនៅធ្វើការជាមួយ Lamborghini គាត់បានធ្វើការទៅលើរថយន្តម៉ូឌែលកំពូលៗជាច្រើនដូចជា Lamborghini Urus, Huracan ក៏ដូចជា Aventador ទៀតផង។ លោក Luigi Taraborrelli បានចាប់ផ្តើមចូលរួមជាមួយ Lamborghini ដំបូងកាលពីក្នុងឆ្នាំ 2001 និងបានចាកចេញកាលពីខែឧសភាឆ្នាំ 2022 ថ្មីៗកន្លងទៅនេះ។

យោងតាមរបាយការណ៍ចេញពី Bloomberg នោះដែរ, លោក Luigi Taraborrelli នឹងក្លាយជាអ្នកគ្រប់គ្រងជាន់ខ្ពស់មួយរូប នៅក្នុងក្រុមដែលសិក្សាលើ Apple Car ហើយគាត់ក៏ត្រូវបានគេរំពឹងថា នឹងជួយដឹកនាំទៅលើផ្នែកឌីហ្សាញនៃ Apple Car ផងដែរ។

ប្រភព ៖ 9To5Mac
អត្ថបទទាក់ទង