Samsung ប្រកាសចេញជម្រើសពណ៌ស្វាយថ្មីមួយទៀត សម្រាប់ម៉ូឌែល Galaxy S22
ដោយ​ ៖ ឡេង | 2 សប្ដាហ៍មុន SHARE

 

ជម្រើសពណ៌ស្វាយថ្មី ដែលមានឈ្មោះហៅថា “Bora Purple” ត្រូវបានបង្ហាញខ្លួននៅលើម៉ូឌែល Galaxy S22 កាលពីពេលថ្មីៗនេះ នៅលើទីផ្សារធំៗដូចជា សហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូង។ Samsung បានប្រាប់ថា “Bora” បកប្រែពីភាសាកូរ៉េថា ពណ៌ស្វាយ ដូច្នេះមានន័យថា វាត្រូវបានគេដាក់ឈ្មោះជា ពណ៌ស្វាយដល់ទៅ 2 ដង ឬ “Purple Purple” តែម្ដង។

ចាប់ផ្ដើមពីថ្ងៃទី 10 ខែសីហា ឆ្នាំ 2022 ខាងមុខនេះតទៅ Samsung នឹងដាក់លក់ម៉ូឌែល Galaxy S22 ជាមួយជម្រើសពណ៌ស្វាយថ្មីមួយទៀតនេះហើយ នៅក្នុងតម្លៃខ្ទង់ 799 ដុល្លារ ដែលជាតម្លៃនៅស្រុកគេ។ ជាការពិតណាស់ កាលពីមុនមក Galaxy S22 ក៏ធ្លាប់មានជម្រើសពណ៌ស្វាយមួយដែរ ដោយគ្រាន់តែវាមានពណ៌ស្រាល និងមិនសូវដិត ដូចជម្រើសពណ៌ថ្មីនេះទេ។ លើសពីនេះ ជាមួយជម្រើសពណ៌ស្វាយថ្មី គឺវាមានពណ៌ស្វាយ គ្រប់ទីកន្លែងតែម្ដង ទាំងនៅត្រង់កន្លែងស៊ុមកាមេរ៉ាខាងក្រោយ និងនៅជុំវិញតួខ្លួន ថែមទៀតផង។

គួរបញ្ជាក់ផងថា ថ្ងៃទី 10 ខែសីហា ឆ្នាំ 2022 ខាងមុខនេះ Samsung ក៏នឹងរៀបចំកម្មវិធីថ្មីមួយ ដើម្បីស្វាគមន៍ផលិតផលថ្មីៗផងដែរ។ បើយោងទៅតាមរូប Poster ប្រកាសលើកមុន គឺបានបង្ហើបឲ្យដឹងថា ជាទូរសព្ទអេក្រង់បត់ជំនាន់ថ្មី ដូច្នេះកុំភ្លេចរង់ចាំតាមដានទាំងអស់គ្នា។

ប្រភព ៖ Samsung
អត្ថបទទាក់ទង