Samsung បានក្លាយជាក្រុមហ៊ុននាំចេញឈីបថ្មីប្រើបច្ចេកវិទ្យា 3nm ទៅកាន់ទីផ្សារដំបូងគេបង្អស់
ដោយ​ ៖ ខេមបូរីផត | 2 សប្ដាហ៍មុន SHARE

 

កាលពីឆ្នាំ 2016 កន្លងទៅ Samsung បានចាប់ផ្តើមនាំចេញឈីប 10nm ដំបូងរបស់ខ្លួន បន្ទាប់មកទៀតក្នុងឆ្នាំ 2018 គេចាប់ផ្តើមផលិតទ្រង់ទ្រាយធំឈីប 7nm ហើយរហូតក្នុងឆ្នាំ 2020 គេចាប់ផ្តើមបើកការផលិតទ្រង់ទ្រាយធំនៃឈីប 5nm។ កន្លងមក Samsung តែងតែយឺតជាង TSMC ទៅលើការនាំចេញបច្ចេកវិទ្យាឈីបថ្មីៗទាំងនោះ ប៉ុន្តែសម្រាប់បច្ចេកវិទ្យាឈីប 3nm លើកនេះវិញ គឺមិនដូចមុនទៀតទេ។

Samsung បានក្លាយជាក្រុមហ៊ុនដំបូងគេបំផុត បានចាប់ផ្តើមនាំចេញឈីបប្រើបច្ចេកវិទ្យា 3nm ជាផ្លូវការទៅកាន់ទីផ្សារ និងនាំមុខ TSMC វិញម្ដងហើយ។ ក្រុមហ៊ុនកូរ៉េខាងត្បូងលើកនេះ មិនមែនគ្រាន់តែនាំមុខលើការនាំចេញឈីប 3nm ប៉ុណ្ណោះទេ ប៉ុន្តែក៏ក្លាយជាក្រុមហ៊ុននាំចេញឈីប 3nm ជាមួយបច្ចេកវិទ្យា GAA ឬ Gate-all-Around Transistors ដំបូងគេបំផុតផងដែរ។

បច្ចេកវិទ្យា GAA នេះ វាជួយឲ្យឈីប 3nm កាន់តែប្រើប្រាស់ថាមពលតិចថែមទៀត បើធៀបនឹងឈីប 3nm ដែលពឹងផ្អែកលើបច្ចេកវិទ្យា FinFET Transistor ដូចអ្វីដែល TSMC គ្រោងនឹងប្រើលើឈីប 3nm របស់ខ្លួន ដែលគ្រោងនាំចេញលើកដំបូងនៅចុងឆ្នាំនេះ។ ខុសពី Samsung ដោយ TSMC មានគម្រោងចាប់ផ្តើមប្រើប្រាស់បច្ចេកវិទ្យា GAA Transistor នៅលើឈីប 2nm របស់ខ្លួន ដែលគ្រោងចេញផ្លូវការនៅអំឡុងឆ្នាំ 2026 ឯណោះ។

យ៉ាងណាក៏ដោយ​ ការនាំចេញឈីប 3nm GAA ក្នុងដំណាក់កាលដំបូងរបស់ Samsung នេះ មិនមែនសម្រាប់ប្រើប្រាស់នៅលើទូរសព្ទឆ្លាតនោះទេ ជាក់ស្ដែងឈីបនោះនឹងត្រូវប្រើប្រាស់ទៅលើឧបករណ៍ផ្សេងៗ សម្រាប់ផ្នែក Cryptocurrency ប៉ុណ្ណោះ។ ទោះជាយ៉ាងណា នៅពេលអនាគតឆាប់ៗខាងមុខនេះ យើងនឹងឃើញ Samsung ប្រើប្រាស់បច្ចេកវិទ្យា 3nm GAA Process Node នៅលើឈីបសម្រាប់ទូរសព្ទឆ្លាតជាក់ជាមិនខាន ជាក់ស្ដែងអាចនឹងមានលើឈីបកំពូលត្រកូល Exynos ជំនាន់ថ្មីរបស់គេ ឬអាចជាឈីបកំពូល Snapdragon 8 Gen 2 ជំនាន់ថ្មីរបស់ Qualcomm ក៏ថាបាន។

គួរបញ្ជាក់ដែរថា បច្ចេកវិទ្យា 3nm GAA Process Node នឹងជួយសន្សំថាមពលថ្មបានប្រសើរជាងមុនដល់ទៅ 45% និងជួយបង្កើនសមត្ថភាពទាំងមូលឲ្យប្រសើរជាងមុនខ្ទង់ 23% បើប្រៀបទៅនឹងឈីបប្រើបច្ចេកវិទ្យា 5nm Process ក្នុងពេលបច្ចុប្បន្ន។

ប្រភព ៖ Phonearena
អត្ថបទទាក់ទង