ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រកាសឲ្យបញ្ឈប់ការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវាទូរសព្ទតាមផ្ទះ
ដោយ​ ៖ ខេមបូរីផត | 2 សប្ដាហ៍មុន SHARE

 

នៅក្នុងថ្ងៃនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសសេចក្តីជូនដំណឹងមួយ ទៅកាន់សាធារណជនទាំងអស់ ស្តីពី ការបញ្ឈប់ការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា និង/ឬឧបករណ៍ពង្រីកសេវានៅតាមផ្ទះ ដែលបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សេវាទូរសព្ទចល័ត។

ខាងក្រោមនេះ ជាការជូនដំណឹងពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍៖

“ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា តាមរយៈការចុះត្រួតពិនិត្យហ្វ្រេកង់ស៍វិទ្យុនិងធ្វើការវាស់ស្ទង់គុណភាពសេវាទូរសព្ទចល័តនៅក្នុងបរិវេណបុរីមួយចំនួនក្នុងរាជធានីភ្នំពេញ ក.ប.ទ. បានរកឃើញថា ការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា និង/ឬឧបករណ៍ពង្រីកសេវា (Signal Booster/Repeater) បានបង្កការឆ្លងរំខាន និងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់កម្រិតគុណភាពសេវាទូរសព្ទចល័តនៅក្នុងតំបន់នោះ។

ដូចនេះ ក.ប.ទ. សូមស្នើដល់ប្រជាពលរដ្ឋទាំងអស់ដែលកំពុងប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា និង/ឬឧបករណ៍ពង្រីកសេវា ធ្វើការរុះរើ ដកចេញ និងបញ្ឈប់ការប្រើប្រាស់ឧបករណ៍ទាំងនេះ ដោយខ្លួនឯងនៅតាមផ្ទះរបស់ខ្លួន។ ក.ប.ទ. ក៏សូមស្នើដល់អ្នកពាក់ព័ន្ធទាំងអស់ឱ្យបញ្ឈប់ការនាំចូលឧបករណ៍បង្កើនកម្លាំងសេវា និង/ឬឧបករណ៍ពង្រីកសេវាគ្រប់ប្រភេទ ដែលពុំមានការទទួលស្គាល់យថាប្រភេទពីនិយ័តករទូរគមនាគមន៍កម្ពុជា ជាបន្ទាន់ ជៀសវាងការប្រឈមនឹងវិធានការច្បាប់។

ក.ប.ទ. សូមគូសបញ្ជាក់ផងដែរថា យោងតាមមាត្រា៨៤ នៃច្បាប់ស្តីពីទូរគមនាគមន៍ បានចែងថា “ការបង្កើត ការដំឡើង ការប្រើប្រាស់ ឬការកែប្រែហេដ្ឋារចនាសម្ព័ន្ធនិងបណ្តាញទូរគមនាគមន៍ ឬគ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍ ដើម្បីបង្កការកាត់ផ្តាច់ ការរំខាន ឬការជ្រៀតជ្រែកលើហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធទូរគមនាគមន៍ ឬបង្កការប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ២ ០០០ ០០០ (ពីរលាន) រៀល ទៅ ១០ ០០០ ០០០ (ដប់លាន) រៀល”។

ស្របជាមួយគ្នានេះ ក.ប.ទ. បាននិងកំពុងជំរុញឱ្យប្រតិបត្តិករទូរសព្ទចល័តផ្លាស់ប្តូរគ្រឿងសម្ភារៈបរិក្ខានិងបច្ចេកវិទ្យា ព្រមទាំងសាងសង់ស្ថានីយអង់តែនបន្ថែម ដើម្បីពង្រីកវិសាលភាពគ្របដណ្តប់ និងពង្រឹងគុណភាពនៃសេវាផងដែរ។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ចូលរួមសហការ ដើម្បីធ្វើឱ្យគុណភាពសេវាទូរសព្ទចល័តមានភាពប្រសើរឡើង។”

ប្រភព ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
អត្ថបទទាក់ទង