OnePlus 10T នឹងមិនមានបំពាក់ប៊ូតុង Alert Slider ប្រចាំត្រកូលមកនោះទេ
ដោយ​ ៖ ខេមបូរីផត | 2 សប្ដាហ៍មុន SHARE

 

OnePlus បានប្រកាសប្រាប់រួចហើយថា គេមានគម្រោងប្រកាសចេញទូរសព្ទលំដាប់កំពូលម៉ូឌែលថ្មី OnePlus 10T នៅថ្ងៃទី 3 ខែសីហាឆាប់ៗខាងមុខនេះតែម្ដង។ ទន្ទឹមគ្នានឹងពេលវេលាប្រកាសចេញកាន់ខិតជិតមកដល់ OnePlus បានបង្ហាញពីរូបរាង និងការបញ្ជាក់ប្រាប់ទៅលើចំណុចសំខាន់មួយចំនួនរបស់ទូរសព្ទឆ្លាតម៉ូឌែលនេះ មុនការប្រកាសចេញផ្លូវការតែម្ដង។

ក្រុមហ៊ុនគេផ្ទាល់បានបញ្ជាក់យ៉ាងច្បាស់ថា ប៊ូតុងដែលគេហៅថា Alert Slider សម្រាប់ប្រើដើម្បីផ្លាស់ប្តូររវាង Mode ធម្មតា និង Silence Mode នោះ នឹងមិនមានវត្តមាននៅលើម៉ូឌែល OnePlus 10T នោះទេ។ ការបង្ហាញនេះគឺមកទន្ទឹមគ្នានឹងរូបភាពនៃការឌីហ្សាញរបស់ OnePlus 10T គ្រប់ជ្រុងតែម្ដង ជាក់ស្ដែងមិនថាខាងមុខ ខាងក្រោយ ឬខាងកៀននោះទេ។ យោងតាមរូបភាពនោះ OnePlus 10T មានការឌីហ្សាញស្រដៀងនឹង OnePlus 10 Pro ច្រើន ប៉ុន្តែកាមេរ៉ាខាងក្រោយលើកនេះ មិនមែនលក្ខណៈលៀនចេញពីតួខ្លួនទៀតទេ ដោយវាមើលរាងហើបផុសចេញ ស្រដៀងប្រអប់កាមេរ៉ាក្រោយរបស់ OPPO Find X5 Pro វិញ។

បន្ថែមពីនេះដែរ ការសហការគ្នាជាមួយនឹងយីហោកាមេរ៉ាអាជីប Hasselblad ក៏មិនឃើញមាននៅលើម៉ូឌែល OnePlus 10T ដូចគ្នា ដូច្នេះយើងអាចរំពឹងបានថា ម៉ូឌែលថ្មីនេះអាចត្រូវបានគេផ្តោតខ្លាំងលើ Performance ជាជាងផ្នែកកាមេរ៉ា។ យោងតាមដំណឹងលេចធ្លាយកន្លងមក OnePlus 10T នឹងមានបំពាក់មកជាមួយកម្លាំងសាកថ្មល្បឿនលឿនដល់ទៅ 150W មកតែម្ដង ឃើញថាខ្ពស់ជាង OnePlus 10 Pro ដែមានកម្លាំងសាក 80W ទៅទៀត។

ប្រភព ៖ 9To5Google
អត្ថបទទាក់ទង