Samsung ប្រាប់ថា គេបាននាំចេញទូរសព្ទអេក្រង់បត់ជិត 10 លានគ្រឿងឯណោះកាលពីឆ្នាំមុន
ដោយ​ ៖ ខេមបូរីផត | 3 សប្ដាហ៍មុន SHARE

 

នៅសល់ពេលប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ប្រកាសចេញទូរសព្ទអេក្រង់បត់ជំនាន់ថ្មីរបស់ Samsung នឹងមកដល់។ ប៉ុន្តែទន្ទឹមគ្នានឹងពេលវេលាកាន់តែរំកិល Samsung ផ្ទាល់ក៏បានធ្វើការបង្ហាញពីសមិទ្ធិផលរបស់ខ្លួនកាលពីឆ្នាំមុន ទាក់ទងនឹងទូរសព្ទអេក្រង់បត់នេះដែរ។

មិនខុសទេ យោងតាមការបង្ហាញចេញពីសំណាក់លោក TM Roh ដែលជាប្រធានផ្នែក Mobile Experience របស់ Samsung បានបង្ហាញឲ្យដឹងថា កាលពីឆ្នាំ 2021 កន្លងទៅ ក្រុមហ៊ុនរបស់គាត់បាននាំចេញទូរសព្ទអេក្រង់បត់សរុបទាំងអស់ដល់ទៅជិត 10 លានគ្រឿងឯណោះ។ នេះជាចំនួននាំចេញដ៏ច្រើនមួយ គិតនៅក្នុងទីផ្សារទូរសព្ទអេក្រង់បត់ ហើយបើធៀបនឹងកាលពីឆ្នាំ 2020 លោក TM Roh បញ្ជាក់ថា ការនាំចេញលើកនេះកើនឡើងខ្ពស់ជាងដល់ទៅ 300% តែម្ដង។

នៅក្នុងនោះដែរ 70% នៃទូរសព្ទអេក្រង់បត់ទាំងអស់ដែល Samsung បានលក់ចេញក្នុងឆ្នាំមុន គឺជា Galaxy Z Flip ហើយនេះក៏មិនមែនជារឿងចម្លែកដែរ ព្រោះកន្លងទៅ Samsung ខ្លួនឯងផ្ទាល់ធ្លាប់បានទទួលស្គាល់ថា Galaxy Z Flip ជាមូលហេតុដែលជំរុញទឹកចិត្តឲ្យអ្នកប្រើប្រាស់មួយចំនួន ផ្លាស់ប្តូរពីយីហោផ្សេងមកកាន់យីហោរបស់ខ្លួន ជាជាងទូរសព្ទលំដាប់កំពូលត្រកូល Galaxy S របស់ខ្លួនទៅទៀត។

គួរបញ្ជាក់ដែរថា Samsung នឹងបើកព្រឹត្តិការណ៍ Galaxy Unpacked ប្រកាសចេញទូរសព្ទអេក្រង់បត់ជំនាន់ថ្មីរបស់ខ្លួន នៅថ្ងៃទី 10 ខែសីហាខាងមុខនេះ ដូច្នេះយើងនឹងរង់ចាំមើលបន្តទៀតទាំងអស់គ្នា ដើម្បីដឹងថា តើ Samsung មានអ្វីថ្មីខ្លះ នាំយកមកកាន់ទីផ្សារទូរសព្ទអេក្រង់បត់ក្នុងឆ្នាំនេះ?

ប្រភព ៖ Engadget
អត្ថបទទាក់ទង