iQOO 10 Pro ចេញផ្លូវការក្នុងនាមជាទូរសព្ទមានកម្លាំងសាកថ្មដល់ 200W ដំបូងគេ
កាលពីពេលថ្មីៗនេះ iQOO ដែលជាយីហោមួយទៀតរបស់ vivo នោះ បានប្រកាសចេញទូរសព្ទលំដាប់កំពូលថ្មីមួយឈ្មោះថា iQOO 10 Pro ហើយនេះជាក៏ម៉ូឌែលដំបូងគេ ដែលទទួលបានកម្លាំងសាកថ្មតាមខ្សែខ្ពស់បំផុតដល់ទៅ 200W ទៀតផង។
iQOO 10 Pro បានបំពាក់មកជាមួយអេក្រង់ទំហំ 6.78 អ៊ីញ ជាប្រភេទ AMOLED ជំនាន់ថ្មី E5 មានកម្រិតបង្ហាញ 1,440 x 3,200 ភិចសែល ហើយក៏មានល្បឿន Refresh Rate ដែលអាចឆ្លាស់ឡើងបានខ្ពស់បំផុតដល់ 120Hz ផងដែរ។ វាក៏មានបំពាក់មកជាមួយឈីបកំពូល Snapdragon 8 Plus Gen 1 ព្រមទាំងមានជម្រើសរ៉េម 8GB និង 12GB ជាមួយជម្រើសអង្គផ្ទុក 256GB ឬ 512GB។ ទន្ទឹមគ្នានេះ វាក៏បានបំពាក់ឈីប vivo V1+ មកដែរ ដែលត្រូវបានក្រុមហ៊ុនគេអះអាងថា នឹងចូលមកជួយពង្រឹងទៅលើ Frame Rate ក្នុងហ្គេមឲ្យដំណើរការបានកាន់តែប្រសើរ។
សម្រាប់ផ្នែកកាមេរ៉ាវាបានបំពាក់ចំនួន 3 គ្រាប់ ដោយមានលេនគោលទំហំ 50MP មានបំពាក់មកជាមួយបច្ចេកវិទ្យាទប់លំនឹងបែប Gimbal ក៏ដូចជាគាំទ្រការថតវីដេអូ 8K, លេនទូលាយ Ultrawide 150 ដឺក្រេ មានទំហំ 50MP និងមួយគ្រាប់ទៀតនោះទំហំ 14.6MP ជាលេន Telephotos 3X ផងដែរ។ ចំណែកនៅខាងមុខ វាមានបំពាក់មកមួយគ្រាប់ទំហំ 16MP។ កញ្ចប់កាមេរ៉ារបស់ iQOO 10 Pro ក៏ទទួលបានជំនួយពីឈីបផ្ទាល់ខ្លួន vivo V1+ ដូចគ្នា ដោយឈីបនេះនឹងជួយទៅលើការគណនារូបភាពផ្សេងៗ។
iQOO 10 Pro បានប្រើប្រាស់ថាមពលថ្មទំហំ 4,700mAh ជាមួយបច្ចេកវិទ្យាចែកថ្មជាពីរផ្នែក ដែលជាបច្ចេកវិទ្យាសំខាន់មួយ អនុញ្ញាតឲ្យ vivo អាចដាក់ឲ្យទូរសព្ទម៉ូឌែលថ្មីនេះគាំទ្រកម្លាំងសាកខ្ពស់បំផុតបានដល់ទៅ 200W តែម្ដង។ វាក៏គាំទ្រមុខងារសាកថ្មឥតខ្សែបានក្នុងកម្លាំង 50W ហើយមុខងារផ្ទេរថាមពលថ្មទៅកាន់ឧបករណ៍ដទៃ ក៏មានមកដូចគ្នាដែរ។
គួរបញ្ជាក់ដែរថា iQOO 10 Pro ពេលនេះកំពុងតែត្រូវបានគេបើកឲ្យធ្វើការកុម្ម៉ង់ទិញហើយ ជាមួយតម្លៃចាប់ផ្តើមឡើងពី 740 ដុល្លារ សម្រាប់ទីផ្សារប្រទេសចិន។