Apple ទើបទម្លាក់កំណែអាប់ដេត iOS 15.6 ថ្មី មកជួសជុលបញ្ហាសំខាន់ៗមួយចំនួន
ថ្មីៗនេះ Apple ទើបទម្លាក់កំណែអាប់ដេត iOS 15.6 និង iPadOS 15.6 ថ្មីមួយទៀត បន្ទាប់ពីបានទម្លាក់ iOS 15.5 និង iPadOS 15.5 កាលពីខ្ទង់ពីរខែមុនរួចមក។ យ៉ាងណានៅលើ iOS 15.6 ថ្មីលើកនេះ វាមិនទទួលបានការបន្ថែមមុខងារអ្វីច្រើននោះទេ ប៉ុន្តែវាទទួលបានការជួសជុលបញ្ហាសំខាន់មួយ ដែលមានអ្នកប្រើប្រាស់ជាច្រើនធ្លាប់ជួបប្រទះ។
យោងតាមការបង្ហាញចេញពី Apple ផ្ទាល់ មុខងារដែល iOS 15.6 និង iPadOS 15.6 ទទួលបានបន្ថែម គឺទៅលើកម្មវិធី TV របស់គេ ដោយលើកនេះមានដាក់បញ្ចូលជម្រើសសម្រាប់ Restart, Pause, Rewind និង Fast-forward នៅក្នុងព្រឹត្តិការណ៍កីឡាផ្សាយផ្ទាល់ផ្សេងៗ។ ចំណុចនេះអាចមិនសំខាន់ សម្រាប់អ្នកប្រើប្រាស់ក្នុងប្រទេសយើងនោះទេ ប៉ុន្តែចំណុចកែប្រែសំខាន់មួយទៀតនោះគឺ iOS 15.6 ក៏ចូលមកជួសជុលបញ្ហា ដែលបណ្ដាលឲ្យកម្មវិធី Setting បង្ហាញព័ត៌មានបញ្ជាក់ថា ទំហំផ្ទុករបស់ឧបករណ៍បានពេញ ទាំងដែលការពិតវាមិនទាន់ពេញក៏ដោយ។
ក្រៅពីនេះវាក៏ទៅជួសជុលបញ្ហាបន្តិចបន្តួចលើកម្មវិធី Mail និង Safari ដែរ។ ដូច្នេះហើយ ពេលនេះអ្នកប្រើប្រាស់ iPhone ឬ iPad ដែលកំពុងប្រើប្រាស់ iOS 15 អាចចូលទៅទាញយក និងតម្លើងកំណែអាប់ដេតថ្មីនេះបាន ជាពិសេសអ្នកដែលបានជួបបញ្ហា ដូចបានរៀបរាប់នៅខាងលើ។ ដើម្បីឆែករកមើលកំណែអាប់ដេតថ្មី អាចចូលទៅកាន់ Settings > General > Software Update។