តេឡេស្កុប James Webb តម្លៃ 10 ពាន់លានដុល្លាររបស់ NASA មានអង្គផ្ទុកទំហំ 68GB ប៉ុណ្ណោះ
បន្ទាប់ពីបានបង្ហោះតេឡេស្កុបយក្ស James Webb Space Telescope ទៅកាន់លំហបានសម្រេចហើយនោះ NASA ក៏បានចែករំលែករូបភាពរបស់ Universe ដែលត្រូវបានថតដោយតេឡេស្កុបនេះដែរ ថែមទាំងបានទាក់ទាញចំណាប់អារម្មណ៍ជាច្រើន ពីមនុស្សនៅជុំវិញពិភពលោកទៀតផង។
NASA ក៏ធ្លាប់បានបញ្ជាក់ប្រាប់ដែរថា តេឡេស្កុបរបស់គេនោះត្រូវបានចំណាយប្រាក់សរុបធ្វើអស់ដល់ទៅខ្ទង់ 10 ពាន់លានដុល្លារឯណោះ ប៉ុន្តែចំណុចគួរឲ្យចាប់អារម្មណ៍មួយនោះគឺថា បើទោះជាចំណាយប្រាក់ច្រើនបែបនេះមែន ប៉ុន្តែគេសម្រេចប្រើប្រាស់អង្គផ្ទុកប្រភេទ SSD ទំហំត្រឹមតែ 68GB ប៉ុណ្ណោះនៅលើតេឡេស្កុបនោះ ដើម្បីផ្ទុកទិន្នន័យផ្សេងៗ។
ទំហំផ្ទុក 68GB គឺមិនច្រើននោះទេ ជាក់ស្ដែងវាអាចផ្ទុកទិន្នន័យ ដែលតេឡេស្កុបចាប់បានត្រឹមតែមួយថ្ងៃប៉ុណ្ណោះ។ នេះមិនមែនមានន័យថា NASA ត្រូវការទំហំផ្ទុកធំជាងនេះឡើយ ព្រោះជាក់ស្ដែងតេឡេស្កុប James Wepp នឹងរក្សាការភ្ជាប់គ្នាមកកាន់ផែនដីតាមរយៈ Deep Space Network ដើម្បីធ្វើការបញ្ជូនទិន្នន័យដែលចាប់បានក្នុងមួយថ្ងៃៗ មកកាន់ផែនដីជារៀងរាល់ថ្ងៃ ដែលត្រូវជាទំហំខ្ទង់ 57GB រាល់ថ្ងៃ។
រយៈពេលដែលវាអាចបញ្ជូនទិន្នន័យទាំងអស់នោះមកកាន់ផែនដីវិញ គឺចំណាយពេលប្រមាណជាខ្ទង់ 4.5 ម៉ោង ហើយល្បឿនបញ្ជូនទិន្នន័យមកនោះគឺប្រមាណជា 28Mbps។ ដូច្នេះហើយ ទិន្នន័យទាំងអស់ដែល James Wepp ចាប់បានគឺរក្សាទុកលើតេឡេស្កុបខ្លួនវាផ្ទាល់តែមួយថ្ងៃៗប៉ុណ្ណោះ បន្ទាប់មកទិន្នន័យទាំងនោះនឹងត្រូវបញ្ជូនមកកាន់ផែនដីវិញទាំងស្រុង មិនត្រូវការរក្សាទុកនៅលើតេឡេស្កុប James Wepp នោះទេ។
គួរបញ្ជាក់ដែរថា 3% នៃទំហំ 68GB SSD នោះ ត្រូវបានប្រើប្រាស់សម្រាប់ផ្ទុកលើផ្នែក Engineering និង Telemetry ផ្សេងៗ ហើយ NASA ក៏បានព្យាករណ៍ទុកដែរថា នៅក្នុងពេលរយៈពេល 10 ឆ្នាំ អង្គផ្ទុក 68GB របស់ James Wepp អាចនឹងនៅសល់តែទំហំ 60GB ប៉ុណ្ណោះ ដែលអាចប្រើប្រាស់បាន ដោយការថយចុះបែបនេះ គឺដោយសារតែអាយុកាលប្រើប្រាស់ និងវិទ្យុសកម្មលើលំហ។