Xiaomi នឹងដាក់បង្ហាញរថយន្តអគ្គិសនីគំរូដំបូងរបស់ខ្លួន នៅក្នុងខែសីហាខាងមុខនេះ
ដោយ​ ៖ ខេមបូរីផត | 2 ខែមុន SHARE

 

កាលពីឆ្នាំមុន Xiaomi បានបង្ហាញថា ពួកគេនឹងធ្វើការវិនិយោគទឹកប្រាក់ប្រមាណជាខ្ទង់ 10 ពាន់លានដុល្លារឯណោះ ទៅលើវិស័យរថយន្តអគ្គិសនីសម្រាប់រយៈពេល 10 ឆ្នាំខាងមុខ។ ដោយឡែកនៅក្នុងពេលថ្មីៗនេះ ស្ថាបនិករបស់ Xiaomi ពោលគឺ​លោក Lei Jun បានបង្ហើបឲ្យដឹងខ្លះៗ ពីលទ្ធផលនៃការវិនិយោគរបស់គេនោះហើយ។

យោងតាមការបង្ហាញចេញពីសំណាក់លោក Lei Jun ផ្ទាល់ បានឲ្យដឹងថា Xiaomi មានគម្រោងប្រកាសចេញរថយន្តអគ្គិសនីគំរូដំបូងរបស់ខ្លួន នៅក្នុងអំឡុងខែសីហាខាងមុខនេះ។ រថយន្តអគ្គិសនីគំរូនោះដែរ ត្រូវបានឌីហ្សាញដោយក្រុមហ៊ុន HVST Automobile Design ហើយបន្ទាប់ពីដាក់បង្ហាញរថយន្តគំរូនេះរួចរាល់ Xiaomi អាចនឹងចាប់ផ្តើមយកវាទៅធ្វើការតេស្តសាកល្បង នៅលើផ្លូវពិតប្រាកដតែម្ដង។

យ៉ាងណារយៈពេលដែលរថយន្តនេះ នឹងចេញលក់ផ្លូវការនៅមិនទាន់មានការបង្ហាញច្បាស់នោះទេ ប៉ុន្តែ Xiaomi មានគម្រោងក្នុងការបង្កើតរោងចក្រផលិតរថយន្ត និងមជ្ឈមណ្ឌល R&D របស់គេ នៅក្នុងតំបន់ Yizhuang ប្រទេសចិន ហើយរថយន្តដំបូងដែលអាចផលិតចេញពីរោងចក្រនេះ ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមពីឆ្នាំ 2024 ទៅតែម្ដង។

ប្រភព ៖ GSMarena
អត្ថបទទាក់ទង